ចំនួនអ្នកស្លាប់ដោយសារភ្នំភ្លើងផ្ទុះនៅនូវែលហ្សេឡង់កើនដល់ ១៦នាក់ និងជនរងគ្រោះ ២៣នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ
បន្ទាប់ពីភ្នំភ្លើងនៅឯកោះស របស់ប្រទេសនូវែលហ្សេឡង់ បានផ្ទុះយ៉ាងសាហាវមិនធ្លាប់មានពីមុនហើយនោះ វានៅតែបញ្ចេញចំហាយ និងភក់កាន់តែច្រើនឡើង ដែលបណ្ដាលឱ្យអាជ្ញាធរពន្យាពេលផែនការ ដើម្បីរកសាកសពជនរងគ្រោះ។ វាបានផ្ទុះឡើងកាលពីថ្ងៃទី០៩ ខែធ្នូ ប៉ុន្មានថ្ងៃមុននេះ ហើយក្រុមមន្ត្រីក៏បានប្រកាសចំនួនអ្នកស្លាប់ជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះមានអ្នកស្លាប់ទាំងអស់ ១៦នាក់ហើយ បូករួមទាំងជនរងគ្រោះ ២នាក់ផ្សេងទៀត ដែលបានស្លាប់នៅឯមន្ទីរពេទ្យ។

ភ្នំភ្លើងនៅលើកោះស ឬ Whakaari នេះបានផ្ទុះក្នុងកម្រិត ៤ លើមាត្រដ្ឋាន ៥ ហើយវាក៏ត្រូវបានអ្នកជំនាញប្រកាសថា អាចនឹងផ្ទុះជាថ្មីម្ដងទៀតក្នុងអំឡុងពេល ២៤ម៉ោង ក្រោយផងដែរ។ មានជនរងគ្រោះចំនួន ២៨នាក់ កំពុងនៅឯមន្ទីរពេទ្យ ហើយមាន ២៣នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមរបាយការណ៍ដំបូងវាបានខ្លាចថា មានមនុស្សចំនួន ១០០នាក់ កំពុងនៅទីតាំងនោះនៅពេលមានការផ្ទុះភ្នំភ្លើង។ ប៉ុន្តែយ៉ាងណាមិញរបាយការណ៍ចុងក្រោយនិយាយថា មានមនុស្ស ៤៧នាក់ បានស្ថិតនៅលើកោះទេសចរណ៍ដ៏ពេញនិយមនេះ ហើយនៅពេលនោះមានអ្នកខ្លះកំពុងដើរនៅតាមបណ្តោយជួរក្រហូងរបស់ភ្នំភ្លើង៕



អត្ថបទ៖ លីដា