អាសូរណាស់! កុមារីកម្ពុជាអាយុ៣ឆ្នាំម្នាក់បានស្លាប់ ក្រោយត្រូវឡានកិនក្នុងការដ្ឋានមួយនៅប្រទេសថៃ
ខេត្តសាមុតប្រាកាន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ម្សិលមិញនេះ មានកុមារីជនជាតិខ្មែរ អាយុ៣ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីត្រូវឡានកិននៅការដ្ឋានសំណង់មួយ ខណៈដែលឪពុកម្តាយនាងតូចកំពុងរវល់ធ្វើការ ហើយនាងបានរត់លេងតែឯងនៅម្ដុំនោះ។ កាសែត The Nation បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅឯការដ្ឋានសំណង់មួយ ក្នុងខេត្តសាមុតប្រាកាន ភាគខាងត្បូងទីក្រុងបាងកក។ នេះជាករណីទី២ ត្រឹមរយៈពេលមិនដល់ ១សប្ដាហ៍ផង ដែលជនជាតិខ្មែរយើងបានស្លាប់នៅឯការដ្ឋានសំណង់ក្នុងខេត្តនេះ ដោយកាលពីថ្ងៃទី០៧ កន្លងទៅនេះ ក៏មានពលករខ្មែរយើងម្នាក់ស្លាប់ដោយសារបេតុងសង្កត់ពីលើដែរ។

តាមប្រភពដដែលបានឱ្យដឹងថា នៅពេលកើតហេតុអ្នកបើករថយន្តដឹកទំនិញឈ្មោះ Kumterm Tridech អាយុ ៥៣ឆ្នាំ គាត់មិនបានដឹងថា មានក្មេងនៅពីក្រោយរថយន្តរបស់គាត់នោះទេ ព្រោះថារថយន្តនោះខ្ពស់មិនអាចមើលបានគ្រប់ជ្រុងជ្រោយឡើយ។ គាត់ទើបតែដឹកដែក និងដំបូលចូលទៅទីតាំងការដ្ឋាននោះ ហើយក្រោយមកក៏បើកចេញទើបបណ្ដាលឱ្យកិនលើនាងតូចតែម្តងទៅ។ លុះពេលគាត់ដឹងថា មានអ្វីមិនស្រួលគាត់ក៏បានបកត្រឡប់ក្រោយទៅរកនាងតូច ប៉ុន្តែគ្រប់យ៉ាងហួសអស់ទៅហើយ។
នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញឡានម៉ាកតូយ៉ូតាមួយគ្រឿង ដែលមានប្រឡាក់ឈាមនៅលើកង់។ ពួកគេក៏បានរកឃើញម្តាយរបស់ទារក ដោយគាត់កំពុងទ្រហោយំ និងកាន់សពកូនស្រីនៅនឹងដៃយ៉ាងគួរឱ្យអាណិត។ គួរឱ្យដឹងដែរថា គ្រោះថ្នាក់នេះកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងបាងកកបានអំពាវនាវដល់រដ្ឋាភិបាលថៃឱ្យផ្តល់ការការពារបន្ថែមទៀតដល់កុមារចំណាកស្រុក៕

អត្ថបទ៖ លីដា