ករណីមួយទៀតហើយ! ស្ត្រីជនជាតិថៃម្នាក់ស្លាប់ក្នុងដំណេក ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក
សម្រាប់រយៈពេលនេះវាជារដូវរងានៅអាស៊ីអាគ្នេយ៍ ហើយវាជាពេលវេលាមួយដ៏សប្បាយរីករាយបំផុត សម្រាប់អ្នកដែលចូលចិត្តភាពត្រជាក់។ ប៉ុន្តែនៅក្នុងប្រទេសថៃវិញមានអាកាសធាតុមិនទៀងទាត់នោះទេ ដោយពេលខ្លះវាត្រជាក់ល្មមគួរសម ហើយមានកន្លែងខ្លះក៏ចុះត្រជាក់ខ្លាំង។ ជាក់ស្ដែងខេត្ត Chaiyaphum មានអាកាសធាតុធ្លាក់ចុះរហូតដល់ ១០អង្សាសេ ឯណោះកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យមានករណីស្ត្រីម្នាក់ស្លាប់ក្នុងដំណេក ដោយសារតែអាកាសធាតុចុះត្រជាក់មិនទៀងនេះ។ យោងតាមសារព័ត៌មាន Oriental Daily បានឱ្យដឹងថា ស្ត្រីដែលស្លាប់មានអាយុ ៥៧ឆ្នាំ និងបានស្លាប់នៅម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែធ្នូ កន្លងទៅថ្មីៗនេះ។

នៅពេលប៉ូលីសបានទៅដល់ពួកគេបានរកឃើញថា ស្ត្រីរងគ្រោះបានបើកកង្ហារនៅជិតខ្លួន ហើយមានស្លៀកខោខ្លី និងមិនដណ្ដប់ភួយនោះទេ។ ស្ត្រីនោះក៏បានផឹកស្រាមុនចូលសម្រាកផងដែរ ដូច្នេះហើយវាអាចថាអាកាសធាតុពេលនោះមិនត្រជាក់ខ្លាំង ហើយបូករួមមានជាតិស្រវឹងផងនោះ ទើបស្ត្រីនោះគាត់មិនដណ្ដប់ភួយ ហើយបើកកង្ហារបែបនេះ។ លុះព្រឹកឡើងគ្រួសាររបស់គាត់ក៏ឆ្ងល់ថា ហេតុអ្វីគាត់មិនចេញមករកអាហារពេលព្រឹក ហើយក្រោយមកទៀតទើបពួកគេដឹងថា ស្ត្រីម្នាក់នោះបានស្លាប់បាត់ទៅហើយ។ រំលឹកដែរថានេះជាករណីទី៥ហើយ ដែលជនជាតិថៃបានស្លាប់ ដោយសារអាកាសធាតុត្រជាក់ខ្លាំងបែបនេះ៕

អត្ថបទ៖ លីដា