ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី១២១ នៅក្នុងពិភពលោកសម្រាប់សមភាពយេនឌ័រ
ប្រទេសជប៉ុនធ្លាក់មកចំណាត់ថ្នាក់ទី១២១ ក្នុងពិភពលោកលើសមភាពយេនឌ័រ ដែលមានន័យថាប្រទេសនេះមានសមភាពយេនឌ័រកម្រិតទាបបំផុត។ នេះជាការចេញផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃចន្ទ។ វិទ្យាស្ថានប្រទេសស្វីសមួយនេះ បានធ្វើការវិភាគលើគម្លាតយេនឌ័រជារៀងរាល់ឆ្នាំ ដោយផ្អែកលើទិន្នន័យនៅក្នុងវិស័យសំខាន់ៗចំនួនបួនគឺ នយោបាយ សេដ្ឋកិច្ច ការអប់រំ និងសុខភាព។ របាយការណ៍យេនឌ័រពិភពលោកឆ្នាំ២០២០ បានស្ទាបស្ទង់លើប្រទេសចំនួន ១៥៣ ជុំវិញពិភពលោក ហើយប្រទេសអ៊ីស្លង់ នៅតែជាប្រទេសដែលល្អផ្ដាច់គេលើសមភាពយេនឌ័រ ១១ឆ្នាំជាប់គ្នា។ ពោលគឺប្រទេសនៅក្នុងតំបន់ណ័រឌីក សុទ្ធតែមានចំណាត់ថ្នាក់ល្អៗ។

របាយការណ៍នេះបានដាក់ប្រទេសជប៉ុនក្នុងចំណាត់ថ្នាក់ទី១២១ ដែលជាការធ្លាក់ចុះ ១១លេខ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានសន្មតថា តួនាទីស្ត្រីក្នុងវិស័យនយោបាយ និងការគ្រប់គ្រងសាជីវកម្មនៅមានកម្រិតទាប។ នៅប្រទេសជប៉ុនសមាជិកសភាជាស្ត្រីមានចំនួនតែ ១០.១% (សភាជាន់ទាប) និងរដ្ឋមន្រ្តីគណៈរដ្ឋមន្រ្តីស្ត្រីមានតែ ៥.៣% បើប្រៀបធៀបទៅនឹងមធ្យមភាគពិភពលោកគេមានពី ២៥.២% ឬ ២១.២% ។ វេទិកាសេដ្ឋកិច្ចពិភពលោកកំពុងជំរុញឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោក ចាត់វិធានការសម្រាប់សមភាពយេនឌ័រ ដោយព្រមានថា អត្រាបច្ចុប្បន្ននេះគឺនៅមានកម្រិតទាប ដែលពិភពលោកនឹងត្រូវចំណាយពេលជិតមួយសតវត្សរ៍ដើម្បីសម្រេចវាបាន៕


អត្ថបទ៖ លីដា