ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក បារ៉ាក់ អូបាម៉ា និយាយថា ស្ត្រីគឺប្រសើរជាងបុរសដោយមិនអាចប្រកែកបាន

    BY autoadmin December 17, 2019
    លោក បារ៉ាក់ អូបាម៉ា និយាយថា ស្ត្រីគឺប្រសើរជាងបុរសដោយមិនអាចប្រកែកបាន

    លោក បារ៉ាក់ អូបាម៉ា បានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើសម្ដីរបស់គាត់ បន្ទាប់ពីគាត់បានពន្យល់ថា មកទល់ពេលនេះស្ត្រីគឺជាភេទដែលប្រសើរជាងគេ។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ឯកជនមួយនៅប្រទេសសិង្ហបុរី ស្តីពីភាពជាអ្នកដឹកនាំ ហើយគាត់ក៏បានពន្យល់ពីទស្សនៈរបស់គាត់ ថាតើនរណាដែលគួរតែដំណើរការពិភពលោកនេះ។ គាត់បាននិយាយថា៖ “ឥឡូវនេះអ្នកជាស្ត្រី ខ្ញុំចង់ឱ្យអ្នកដឹងថា អ្នកមិនឥតខ្ចោះនោះទេ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយដោយមិនអាចប្រកែកបាននោះគឺថា អ្នកប្រសើរជាងពួកយើង [បុរស]”។

    លោកបានបន្ដថា៖ “ខ្ញុំមានទំនុកចិត្តថាក្នុងរយៈពេល ២ឆ្នាំ ប្រសិនបើគ្រប់ប្រជាជាតិទាំងអស់នៅលើផែនដីត្រូវបានគ្រប់គ្រងដោយស្ត្រី អ្នកនឹងឃើញមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់លើអ្វីគ្រប់យ៉ាង … កម្រិតជីវភាព និងលទ្ធផល”។ មានស្ត្រីជាច្រើនដែលស្ថិតក្នុងតំណែងជាអ្នកដឹកនាំនៅជុំវិញពិភពលោក រួមមានអ្នកស្រី Jacinda Ardern (នូវែលសេឡង់) អ្នកស្រី Angela Merkel (អាល្លឺម៉ង់) អ្នកស្រី Sanna Marin (ហ្វាំងឡង់) ចុងក្រោយគឺអ្នកស្រី Tsai Ing-wen (តៃវ៉ាន់) – និងជាច្រើនទៀត។

    លោក អូបាម៉ា ក៏បានចំអន់មេដឹកនាំបុរសមួយចំនួនផងដែរ នៅពេលដែលគាត់ត្រូវបានគេសួរអំពីថា តើគាត់នឹងត្រលប់ទៅរកនយោបាយវិញ ឬអត់។ លោកនិយាយថា៖ “ប្រសិនបើអ្នកក្រឡេកមើលពិភពលោក ហើយមើលបញ្ហារបស់វា វាច្រើនតែជាមនុស្សចាស់ៗ ហើយជាធម្មតាបុរសចំណាស់ ដែលមិនចេញមកដោះស្រាយ”។ លោកបន្ដដែរថា៖ “វាមានសារៈសំខាន់ណាស់សម្រាប់មេដឹកនាំនយោបាយ ឱ្យព្យាយាម និងរំលឹកខ្លួនឯងថា អ្នកត្រូវនៅទីនោះដើម្បីធ្វើការ ប៉ុន្តែអ្នកមិននៅទីនោះមួយជីវិតនោះទេ អ្នកមិននៅទីនោះក្នុងគោលបំណងយកវាជាឈ្នាន់ ឬអំណាចផ្ទាល់ខ្លួនរបស់អ្នកទេ”៕

    អត្ថបទ៖ លីដា

    Share This Post: