ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងទ័ពជើងទឹករបស់ប្រទេសថៃ បានទិញប្រព័ន្ធប្រឆាំងនឹងដ្រូនពីអ៊ីស្រាអែល

    BY autoadmin December 17, 2019
    កងទ័ពជើងទឹករបស់ប្រទេសថៃ បានទិញប្រព័ន្ធប្រឆាំងនឹងដ្រូនពីអ៊ីស្រាអែល

    កងទ័ពជើងទឹកថៃថ្មីៗនេះបានទិញប្រព័ន្ធប្រឆាំងដ្រូន (counter-drone system) ពីក្រុមហ៊ុន Skylock Systems Ltd ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល ខណៈពេលដែលព័ត៌មានហិរញ្ញវត្ថុលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែមានប្រភពខ្លះនិយាយថា វាមានតម្លៃប្រហែល ៤.២៩លានដុល្លារ ហើយកងទ័ពជើងទឹកថៃនឹងទទួលបានប្រព័ន្ធនេះមកប្រើប្រាក់ក្នុងរយៈពេល ៨ខែបន្ទាប់។ គួរឱ្យដឹងដែរថា ប្រព័ន្ធរបស់វាអាចឱ្យក្រុមសន្តិសុខកំណត់ទីតាំង និងចាប់ដ្រូនដែលគ្មានការអនុញ្ញាតនៅពេលដែលរកឃើញ។

    ប្រព័ន្ធជាក់លាក់ដែលបញ្ជាទិញដោយកងទ័ពជើងទឹកថៃ ត្រូវបានរចនាឡើងដើម្បីការពារកំពង់ផែកងទ័ពជើងទឹក និងប្រតិបត្តិការប្រមាណ ១០គីឡូម៉ែត្រ ក្នុងគោលបំណងការពារដែនអាកាសរបស់ពួកគេ។ នេះមិនមែនជាលើកទី១ទេ ដែលប្រទេសថៃងាកមករកអ៊ីស្រាអែល សម្រាប់ប្រព័ន្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក។ កាលពីខែមករា ឆ្នាំ២០១៨ ប្រភពមួយបានរាយការណ៍ថា ប្រព័ន្ធការពារយន្ដហោះគ្មានមនុស្សបើករយៈចម្ងាយខ្លីមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតអ៊ីស្រាអែល IMI Systems Ltd ក៏ត្រូវបានប្រើជាលើកដំបូងដោយកងទ័ពអាកាសថៃផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: