ទីក្រុងប៉ារីស ប្រទេសបារាំងមានការកកស្ទះចរាចរណ៍ជាង ៦០០ គីឡូម៉ែត្រ ដោយសារតែ…
បារាំង៖ កាលពីកន្លងទៅថ្មីៗនេះ ការកកស្ទះចរាចរណ៍ដ៏វែងមួយបានកើតឡើងនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង និងបានបង្កឲ្យការរំខានយ៉ាងខ្លាំងចំពោះក្រុមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរជាប្រចាំទៅធ្វើការងារ ឬសាលារៀនជាដើម។ ការកកស្ទះចរាចរណ៍មិនធ្លាប់មាននេះត្រូវបានគេមើលឃើញថា មានប្រវែងប្រមាណជា ៦៣០ គីឡូម៉ែត្រ ហើយវាបានកើតឡើងដោយសារតែប្រជាពលរដ្ឋជាច្រើននាំគ្នាធ្វើកូដកម្មលើមធ្យោបាយធ្វើដំណើរអស់រយៈពេល ១២ ថ្ងៃមកហើយ។
សូមបញ្ជាក់ជូនថា មានក្រុមប្រជាពលរដ្ឋនៅក្នុងក្រុងប៉ារីសជាច្រើននាក់បាននាំគ្នាធ្វើកូដកម្មប្រឆាំងទៅនឹងការកែប្រែច្បាប់ថ្មីមួយទាក់នឹងការទូទាត់ប្រាក់សោធននិវត្តន៍ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុចូលនិវត្តន៍ពីការងារ។ ឥទ្ធិពលនៃបាតុកម្មបានធ្វើឲ្យរថភ្លើងចំនួន ១៤ ខែ្សត្រូវបានផ្អាកដំណើការជាបណ្ដោះអាសន្ន ខណៈផ្លូវថ្នល់គ្រប់កន្លែងត្រូវកកស្ទះ។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលនៃប្រទេសបារាំង កំពុងស្វែងរកយន្តការថ្មីមួយដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ ដែលអាចចំណេញបានច្រើន និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗឲ្យនៅតិចបំផុត៕

អត្ថបទ៖ ភក្តី




