ហុងកុងសម្រេចលុបចោលកម្មវិធីបាញ់កាំជ្រួចអបអរឆ្លងឆ្នាំថ្មី ដើម្បីរក្សាសន្តិសុខពីក្រុមបាតុករ
ហុងកុង៖ កម្មវិធីបាញ់កាំជ្រួចអបអរសាទរឆ្លងឆ្នាំថ្មីទ្រង់ទ្រាយធំនឹងមិនអាចកើតមានក្នុងទីក្រុងហុងកុងដូចឆ្នាំមុនៗឡើយ នេះបើយោងសេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋាភិបាលហុងកុង។ ការសម្រេចលុបចោលកម្មវិធីពិសេសមួយនេះ ត្រូវបានប៉ូលិសហុងកុងប្រាប់ឲ្យដឹងថា ដើម្បីរក្សាសុវត្ថិភាពនិងសន្តិសុខទូទៅ ដ្បិតហុងកុងកំពុងញាំញីដោយការធ្វើបាតុកម្មពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងបំផុត។ គេនៅចាំបានថា កម្មវិធីបាញ់កាំជ្រួចទ្រង់ទ្រាយធំត្រូវបានក្រុងហុងកុងរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំកន្លងទៅនេះហុងកុងបានចាយលុយរហូតដល់ ១៤ លានដុល្លារហុងកុង (១,៨ លានដុល្លារអាមេរិក) ដើម្បីរៀបចំកម្មវិធីមួយនេះ។

កម្មវិធីបាញ់កាំជ្រួចអបអរឆ្នាំថ្មីត្រូវបានគេមើលឃើញថា មិនត្រឹមតែបានផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋហុងកុងនោះទេ តែវាក៏អាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនឲ្យមកកំសាន្តនៅហុងកុងផងដែរ។ យ៉ាងណាក្តី ក្រោយកើតមានបាតុកម្មជាច្រើនខែមកនេះតួលេខបានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍មកកំសាន្តនៅហុងកុងធ្លាក់ចុះ ៥៦ % ចំនួនអ្នកដំណើរតាមជើងហោះហើរធ្លាក់ចុះ ៤៦% ខណៈអាត្រាអ្នកអត់ការងារធ្វើនៅក្នុងវិស័យចំណីអាហារនិងភេសជ្ជៈបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ៕

អត្ថបទ៖ ភក្តី