រដ្ឋមួយនៅក្នុងប្រទេសអូស្ត្រាលីបានប្រកាសអាសន្នជាថ្មីម្ដងទៀត ដែលនាំឱ្យកាន់តែមានការបារម្ភចំពោះវិបត្តិភ្លើងឆេះព្រៃដែលកំពុងមានស្រាប់
ស្ថានភាពអាសន្នត្រូវបានប្រកាសនៅរដ្ឋញូវសៅវែល (New South Wales) ប្រទេសអូស្ត្រាលី ចំពេលមានការភ័យខ្លាចថាអាកាសធាតុក្តៅក្នុងកម្រិតមិនធ្លាប់មានពីមុនមកនាពេលថ្មីៗនេះ នឹងធ្វើឱ្យវិបត្តិភ្លើងឆេះព្រៃរបស់រដ្ឋកាន់តែធ្ងន់ធ្ងរឡើងៗ។ ប្រទេសនេះទទួលរងអាកាសធាតុក្ដៅបំផុតកាលពីថ្ងៃអង្គារ ដោយមានកម្ដៅ ៤០.៩អង្សាសេ។ អាកាសធាតុក្ដៅនេះគឺជាកម្ដៅកំណត់ត្រាថ្មីបំផុតរបស់ប្រទេស ប៉ុន្តែអ្នកព្យាករណ៍បាននិយាយថា នឹងមានកម្ដៅខ្លាំងជាងនេះទៅទៀតនៅថ្ងៃព្រហស្បតិ៍ និងនៅចុងសប្តាហ៍។ រំលឹកដែរថា អាជ្ញាធរក្នុងរដ្ឋញូវសៅវែលបានបន្តប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យប្រហែល ១០០ ហើយ នៅក្នុងវិបត្តិអគ្គិភ័យដែលមានរយៈពេលជាច្រើនខែកន្លងមក។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី Gladys Berejiklian បានប្រកាសអាសន្នរយៈពេល ៧ថ្ងៃ ដោយសារការព្យាករណ៍ពីស្ថានភាពកាន់តែអាក្រក់ទៅៗ។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានថា៖ “ការព្រួយបារម្ភដ៏ធំបំផុតក្នុងរយៈពេលពីរបីថ្ងៃទៀត គឺការមិនអាចទាយទុកជាមុនបាន ជាមួយរលកកម្ដៅ និងសីតុណ្ហភាពក្តៅខ្លាំង”។ រដ្ឋញូវសៅវែលនឹងឡើងកម្តៅជាង ៤០អង្សាសេ នៅថ្ងៃព្រហស្បតិ៍នេះ។ គួរឱ្យដឹងដែរថា រលកកម្តៅគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់អូស្រ្តាលី ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ ច្រើនជាងភ្លើងឆេះព្រៃ ឬទឹកជំនន់ទៅទៀត៕



អត្ថបទ៖ លីដា