ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្សម្នាក់ក្នុងចំណោម ២០០នាក់ នៅអង់គ្លេសមិនមានផ្ទះសម្បែងនោះទេ

    BY autoadmin December 19, 2019
    យ៉ាងហោចណាស់មនុស្សម្នាក់ក្នុងចំណោម ២០០នាក់ នៅអង់គ្លេសមិនមានផ្ទះសម្បែងនោះទេ

    របាយការណ៍ថ្មីមួយបានបង្ហាញថា ប្រជាជនម្នាក់ក្នុងចំណោមមនុស្ស ២០០នាក់ នៅក្នុងប្រទេសអង់គ្លេសគ្មានផ្ទះសម្បែងនោះទេ។ ការសិក្សាដែលអនុវត្តដោយអង្គការ Shelter របស់អង់គ្លេសបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០១៩ មានប្រជាជនសរុបទាំងអស់ ២៨០,០០០នាក់ គឺគ្មានផ្ទះសម្បែងនោះទេ ដែលវាបានកើនឡើង ២៣,០០០នាក់ ចាប់តាំងពីឆ្នាំ២០១៦។ នេះរួមបញ្ចូលទាំងមនុស្ស ៤,៦៧៧នាក់ ដែលដេកតាមចញ្ចើមផ្លូវ និង ២៥៤,៩២៧នាក់ ដែលរស់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ដែលត្រូវបានរៀបចំដោយខ្លួនគេ ឬក្រុមប្រឹក្សា។ ក៏មានប្រជាជនចំនួន ៣,៩៣៧នាក់ ដែលត្រូវបានផ្តល់ការស្នាក់នៅតាមសេវាសង្គម ១៤,៦៨៤នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារ និង ២,២៩២នាក់ទៀត ដែលក្រុមប្រឹក្សាមូលដ្ឋានមិនទាន់រកជម្រកឱ្យបាន។

    អង្គការ Shelter ក៏កំពុងព្រមានរដ្ឋាភិបាលថ្មីរបស់អង់គ្លេសត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយភាពខ្វះខាតនៃគេហដ្ឋានសង្គម មុនពេលស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរទៅៗ។ អ្នកនាំពាក្យក្រសួងលំនៅដ្ឋានសហគមន៍ និងរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ខ្លួនកំពុងគាំទ្រក្រុមប្រឹក្សា ដើម្បីកាត់បន្ថយចំនួនប្រជាជនដែលកំពុងស្នាក់នៅក្នុងទីលំនៅបណ្តោះអាសន្នផងដែរ។ លោកបានបន្ថែមទៀតថា យើងកំពុងផ្តល់ថវិកាចំនួន ១.២ពាន់លានអឺរ៉ូ ដើម្បីដោះស្រាយភាពគ្មានផ្ទះសម្បែងគ្រប់ប្រភេទ។ មនុស្សគ្រប់រូបគួរតែមានកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ហើយក្រុមប្រឹក្សាមានកាតព្វកិច្ចផ្តល់កន្លែងស្នាក់នៅដល់អ្នកដែលត្រូវការវា រួមទាំងគ្រួសារដែលមានកូនផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: