ការព្យាករណ៍មួយនិយាយថា ឆ្នាំ២០២០គឺជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលមានកម្ដៅក្ដៅជាងគេបំផុត
ទិន្នន័យថ្មីពី Met Office បានបង្ហាញថា នៅឆ្នាំក្រោយសីតុណ្ហភាពនឹងឡើងខ្ពស់ជាងឆ្នាំមុនៗទៅទៀត ចាប់តាំងពីកំណត់ត្រាសីតុណ្ហភាពត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៨៥០ ។ ការព្យាករណ៍បង្ហាញថា សីតុណ្ហភាពជាសកលសម្រាប់ឆ្នាំ២០២០ នឹងកើនឡើងជាមធ្យម ១.១១អង្សាសេ ខ្ពស់ជាងអ្វីដែលធ្លាប់បានកត់ទុក ក្នុងកំឡុងពេលមុនសម័យឧស្សាហកម្ម ចន្លោះឆ្នាំ១៨៥០ និង១៩០០។ ឆ្នាំ២០២០នេះផងដែរត្រូវបានកំណត់ថា ស្ថិតក្នុងចំណោមឆ្នាំដែលមានកម្ដៅក្តៅបំផុតមិនធ្លាប់មានទី៦ ហើយកំណត់ត្រាក្ដៅបំផុតរបស់ផែនដីគឺនៅឆ្នាំ២០១៦ ដោយកាលនោះយើងរងសម្ពាធពី El Niño ។

អ្វីដែលគួរឱ្យព្រួយបារម្ភនៅត្រង់ថា ការកើនឡើងកម្ដៅផែនដីសម្រាប់ឆ្នាំ២០២០ គឺគ្មានការចូលរួមពី El Niño នោះទេ។ វាដោយសារតែកម្រិតកើនឡើងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំងពេក ដែលជាកត្តាជំរុញនៅពីក្រោយការព្យាករណ៍សីតុណ្ហភាពឆ្នាំ២០២០នេះ។ ពោលគឺការវាយតម្លៃគ្រប់ជ្រុងជ្រោយដោយអ្នកវិទ្យាសាស្ត្របានបង្ហាញថា សកម្មភាពបង្កដោយមនុស្សទៅវិញទេ ដែលជាមូលហេតុនៃការឡើងកម្តៅចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី២០ មកដល់សព្វថ្ងៃ។ យ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជាការព្យាករណ៍ទុកប៉ុណ្ណោះ ប៉ុន្តែវាអាចថានឹងអាក្រក់ជាងនេះ ប្រសិនបើមានគ្រោះមហន្តរាយធម្មជាតិកើតឡើងជាបន្តបន្ទាប់ថែមទៀត៕



អត្ថបទ៖ លីដា