គ្រាន់តែមានទម្លាប់ច្របាច់ថ្នាំដុសធ្មេញខុសគ្នាសោះ ប្តីប្រពន្ធមួយគូលែងលះគ្នាដោយគ្មានស្រណោះ
ម៉ាឡេស៊ី៖ ខណៈដែលគូស្នេហ៍មួយចំនួនបានរស់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែមនិងមានក្តីសុខបំផុតនោះ មានគូស្នេហ៍ខ្លះវិញឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃ ហើយជីវិតស្នេហារបស់ពួកគេគឺមានពេលវេលាជូរចត់ច្រើនជាងពេលវេលាសប្បាយរីករាយ។ មានចំណុចមិនចុះសម្រុងនិងចំណុចផ្ទុយគ្នាជាច្រើនដែលធ្វើឲ្យគូសេ្នហ៍ពីរនាក់តែងពាក់មុខយក្សដាក់គ្នារាល់ថ្ងៃ ហើយពេលខ្លះបញ្ហាទាំងនោះមិនមែនជារឿងធំដុំនោះទេ។

ជាក់ស្តែងប្តីប្រពន្ធមួយគូត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តលែងលះគ្នាព្រោះតែពួកគាត់មានទម្លាប់ច្របាច់ថ្នាំដុសធ្មេញខុសគ្នា។ យោងតាមសារព័ត៌មាន Worldofbuzz បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយការលែងលះត្រូវបានធ្វើឡើងដោយតុលាការយ៉ាងស្របច្បាប់ទៀតផង។ ដើមហេតុនៃការលែងលះត្រូវបានប្រភពខាងលើបញ្ជាក់ថា ព្រោះតែបុរសជាប្តីមានទម្លាប់ច្របាច់ថ្នាដុំធ្មេញពីផ្នែកខាងក្រោមមក ខណៈស្ត្រីជាប្រពន្ធតែងច្របាច់ថ្នាំដុំធ្មេញពីផ្នែកកណ្តាល។ ភាពចម្រូងសម្រាសនេះក៏បង្កឲ្យមានជំលោះនិងឈានដល់ការលែងលះគ្នាតែម្តង។ ប្រសិនបើប្រិយមិត្តស្ថិតនៅក្នុងស្ថានភាពដូចនេះវិញ តើប្រិយមិត្តនឹងប្រើដំណោះស្រាយអ្វីឲ្យល្អប្រសើរជាងការលែងលះគ្នា?
អត្ថបទ៖ភក្តី