វីដេអូស្តែងៗ នាវាទេសចរណ៍ ២គ្រឿងបុកគ្នាបង្កឲ្យមានអ្នកដំណើរ ៧នាក់រងរបួស
ម៉ិកស៊ិកកូ៖ នាវាទេសចរណ៍ចំនួន ២គ្រឿងបានបុកគ្នានៅឯកំពង់ផែ Cozumel នៃប្រទេសម៉ិកស៊ិកកូ និងបានបង្កឲ្យក្រុមភ្ញៀវទេសចរណ៍មានការភ័យស្លន់ស្លោជាខ្លាំង។ តាមសារព័ត៌មាន CNN បានរាយការណ៍ថានាវាទេសចរណ៍មានឈ្មោះថា Carnival Glory បានបើកជ្រុលទៅបុកនាវាមួយទៀតមានឈ្មោះថា Carnival Legend ដែលបានចតស្រាប់នៅកំពង់ផែ។ ហេតុការណ៍នេះបានបង្កឲ្យភ្ញៀវទេសចរណ៍ចំនួន ៦ នាក់រងរបួសស្រាល ខណៈមានភ្ញៀវទេសចរណ៍ម្នាក់រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។
សូមបញ្ជាក់ថា នាវាទាំង ២ នេះបាននាំភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តនៅលើសមុទ្រជាច្រើនថ្ងៃមកហើយ ហើយការចុះចតនៅចំណុចកំពង់ផែខាងលើនេះ គឺដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ទាំងអស់ទៅទស្សនាពិធីតាំងពិព័រណ៍មួយដែលជាផ្នែកចុងក្រោយនៃដំណើរកំសាន្ត។ រហូតមកទល់នឹងពេលនេះគេមិនទាន់ធ្វើការវាយតម្លៃលើការខូចខាតយ៉ាងណានោះទេ ហើយការទូទាត់សំណងយ៉ាងណានោះក៏ពុំទាន់មានសេចក្តីរាយការណ៍ជាក់លាក់ដែរ ព្រោះករណីនេះជាករណីដ៏កម្រនឹងកើតឡើងមួយផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ភក្តី
