ម៉ាឡេស៊ីហាមឃាត់មិនឱ្យមានការជក់បារី ឬបារីអេឡិចត្រូនិកនៅតាមភោជនីយដ្ឋាននោះទេ ហ៊ានតែជក់នឹងត្រូវពិន័យខ្ពស់បំផុតដល់ ២,៤០០ដុល្លារអាមេរិក
យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ការជក់បារី និងបារីអេឡិចត្រូនិកនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ លោកវេជ្ជបណ្ឌិត Lee Boon Chye អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថា៖ “យើងនឹងអនុវត្តការហាមឃាត់នេះ ហើយយើងសង្ឃឹមថានឹងទទួលបានការគាំទ្រពីសាធារណជនលើបញ្ហានេះ”។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្រសួងសុខាភិបាលមានមន្ត្រីសុខាភិបាលបរិស្ថានប្រមាណ ៥,០០០នាក់ នៅទូទាំងប្រទេស ដែលពួកគេនឹងធ្វើការត្រួតពិនិត្យតាមកន្លែងដោយចៃដន្យ និងចេញសេចក្ដីអំពាវនាវពីការហាមឃាត់នេះ។ ការពិតទៅច្បាប់នេះមានតាំងពីឆ្នាំ២០១៨ ប៉ុន្តែត្រូវបន្ធូរបន្ថយនៅឆ្នាំ២០១៩ ដើម្បីឱ្យប្រជាជនបានជ្រាបពីដំណឹង និងយល់ដឹងពីវាជាមុនសិន។

យោងតាម Malay Mail ការហាមជក់បារីនៅភោជនីយដ្ឋាននឹងត្រូវបានដាក់ចេញយ៉ាងតឹងរ៉ឹងចាប់ពីឆ្នាំក្រោយតទៅ ដោយមានទាំងការអនុវត្តច្បាប់ រួមទាំងការត្រួតពិនិត្យដោយចៃដន្យដើម្បីចាប់អ្នកដែលបំពានច្បាប់។ ការផាកពិន័យលើទោសលើកដំបូងគឺ ២៥០រីងហ្គីត (៦០ដុល្លារអាមេរិក) ហើយត្រូវកាត់បន្ថយមកនៅត្រឹម ១៥០រីងហ្គីត ប្រសិនបើទៅទូទាត់ជាមួយមន្ត្រីក្នុងរយៈពេលតិចជាងមួយខែ។ ទោះយ៉ាងណាក៏ដោយប្រសិនបើទុកចោលមិនបានបង់ ដែលឈានទៅដល់ការនាំខ្លួនទៅតុលាការ ការផាកពិន័យអាចកើនដល់ ១០,០០០រីងហ្គីត (២,៤០០ដុល្លារអាមេរិក)។ លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានព្រមានដល់អ្នកជក់បារីផងដែរថា ឱ្យប្រើឱកាសនេះឱ្យបានល្អដើម្បីបញ្ឈប់ទាំងស្រុង ឬកាត់បន្ថយទាំងស្រុងលើការជក់បារី។



អត្ថបទ៖ លីដា