បុរសម្នាក់រុំ iPhone ពេញខ្លួន និងជើងជិត១០០គ្រឿងប្រុងលោតឆ័ត្រចូលប្រទេសចិន ចុងក្រោយនៅតែទៅមិនរួច
ចិន៖ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនខេត្ត Gongbei ភាគខាងត្បូងប្រទេសចិន ក្រោយមន្ត្រីគយបានពិនិត្យរកឃើញថា គាត់មានបំណងចង់រត់ពន្ធទូរស័ព្ទដៃខុសច្បាប់ចូលទៅក្នុងប្រទេសចិន។ ក្រុមមន្ត្រីគយដែលបានបំបែករឿងក្តីនេះបានប្រាប់ឲ្យដឹង ជនខិលខូចបានរុំទូរស័ព្ទដៃ iPhone ជាប់នៅលើដងខ្លួន និងជើង សរុបចំនួន ៩០ គ្រឿង ហើយជនខិលខូចបាននាំយកទូរស័ព្ទទាំងអស់នោះពីទឹកដីម៉ាកាវ និងមានបំណងចង់យកទៅចែកចាយនៅលើទឹកដីចិនដីគោកដោយពុំមានការបង់ពន្ធត្រឹមត្រូវនោះឡើយ។

ក្រោយឃាត់ខ្លួនជនខិលខូចខាងលើនេះ ប៉ូលិសចិនបានបន្តបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកបក្សពួករបស់ជនខិលខូចព្រោះគេជឿថា ជនខិលខូចមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ។ សូមបញ្ជាក់ជូនថា ទូរស័ព្ទ iPhone មានទីផ្សារខ្ពស់សម្រាប់លក់ក្នុងចិនដីគោក ដូចនេះហើយទើបជារឿយៗជនខិលខូចបានសម្រេចធ្វើសកម្មភាពរត់ពន្ធទូរស័ព្ទប្រភេទនេះដោយខុសច្បាប់យកទៅលក់ក្នុងទឹកដីចិនដីគោក៕
អត្ថបទ៖ ភក្តី
