រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ីនិយាយថា ប្រាក់លើកទឹកចិត្តសម្រាប់ក្រុមគ្រូពេទ្យ សំខាន់ជាងប្រាក់ឧបត្ថម្ភសម្រាប់អ្នកនយោបាយ
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសម៉ាឡេស៊ីគឺលោក Syed Saddiq Syed Abdul Rahman បានលើកឡើងថា រដ្ឋាភិបាលគួរតែកាត់បន្ថយប្រាក់ឧបត្ថម្ភសម្រាប់អ្នកនយោបាយជំនួសឲ្យការបន្ថយប្រាក់លើកទឹកចិត្តចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក្មេងៗ។ ការលើកឡើងនេះត្រូវបានរដ្ឋមន្ត្រីវ័យក្មេងរូបនេះធ្វើឡើង តាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់គាត់ និងដើម្បីឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលគ្រោងនឹងកាត់បន្ថយប្រាក់លើកទឹកចិត្តចំពោះបុគ្គលិករដ្ឋដែលកំពុងធ្វើការងារនៅក្នុងវិស័យវេជ្ជសាស្ត្រជាពិសេសគឺក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាទើបចេញធ្វើការងារថ្មីៗតែម្តង។
រដ្ឋមន្ត្រីវ័យ ២៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យគឺជាបុគ្គលិកដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស រហូតដល់មានមតិសាធារណៈជាច្រើនលើកឡើងថា ក្រុមគ្រូពេទ្យជាឆ្អឹងខ្នងរបស់ប្រទេសទៀតផង។ សូមបញ្ជាក់ថា តាមរបាយការណ៍បានបង្ហាញថាវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យរដ្ឋត្រូវធ្វើការយ៉ាងតិចណាស់ ៨០ ម៉ោងក្នុងមួយសប្តាហ៍ ហើយជាមធ្យមវេជ្ជបណ្ឌិតម្នាក់ត្រូវជួបពិគ្រោះយោបល់និងជួយសង្គ្រោះអ្នកជំងឺ ១៥ នាក់ ក្នុងរយៈពេល ៣ ម៉ោង ដែលវាជាការងារដ៏មមាញឹកមួយ និងសំខាន់បំផុតសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ ចុងក្រោយរដ្ឋមន្ត្រីក្មេងជាងគេរូបនេះបានបញ្ជាក់ថា បើរដ្ឋាភិបាលចង់សន្សំសំចៃថវិកាជាតិ គួរតែកាត់បន្ថយប្រាក់ឧបត្ថម្ភចំពោះអ្នកនយោបាយ និងរដ្ឋមន្ត្រីដូចជារូបលោកជាដើម ១០% ទៅ តែដាច់ខាតកុំកាត់បន្ថយប្រាក់លើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យឲ្យសោះ៕
អត្ថបទ៖ ភក្តី

