ទើបជាន់គ្នារបួស ដោយសារប្រូមូសិនណូអែលខុសបច្ចេកទេសនៅអូស្ត្រាលី ឥលូវជាន់គ្នារបួសទៀតនៅចិនវិញម្តង (មានវីដេអូ)
ចិន៖ គ្រោះថ្នាក់នៃការអបអរពិធីបុណ្យណូអែលបានកើតឡើងជាថ្មីម្តងទៀត និងបានបង្កឲ្យមានមនុស្សពីរនាក់ត្រូវដួលសន្លប់នៅនឹងកន្លែងហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។ គ្រោះថ្នាក់ថ្មីនេះបានកើតឡើងនៅក្នុងផ្សារទំនើបក្នុងក្រុង Hunan ខេត្ត Xinhua ភាគខាងត្បូងប្រទេសចិន។ គ្រោះថ្នាក់បានកើតឡើងក្រោយពេលផ្សារទំនើបបានរៀបចំទម្លាក់ប៉េងប៉ោងយ៉ាងច្រើនពីខាងលើមក និងតម្រូវឲ្យអ្នកដើរទិញទំនិញទាំងអស់ត្រូវរត់ទៅដណ្ដើមយកប៉េងប៉ោងណាដែលគេបានភ្ជាប់ជាមួយនឹងប័ណ្ណទិញទំនិញបញ្ចុះតម្លៃ។

ខណៈដែលមនុស្សជាច្រើនសម្រុកទៅដណ្ដើមប៉េងប៉ោងនោះហើយ ទើបធ្វើឲ្យមានអ្នកខ្លះដួលនិងត្រូវគេជាន់ពីលើរហូតដល់សន្លប់បាត់បង់ស្មារតី។ សូមរម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះហេតុការណ៍ដូចនេះគ្នាក៏បានកើតឡើងនៅក្នុងផ្សារទំនើបក្នុងក្រុងស៊ីតនី ប្រទេសអូស្ត្រាលីផងដែរ និងបានបង្កឲ្យមានមនុស្ស ៦ នាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដូចគ្នាដែរ៕
អត្ថបទ៖ ភក្តី
