ទោះបីជាលែងលះគ្នាក៏ដោយ ស្ត្រីម្នាក់នេះនៅតែចិញ្ចឹមនិងមើលថែអតីតប្តីពិការសម្រាកនៅនឹងគ្រែ រយៈពេលជាង ២០ឆ្នាំមកហើយ
ថ្វីបើការបែកបាក់គ្នាអាចជារឿងមួយដែលពិបាកធ្វើចិត្ត ប៉ុន្តែមិនមែនទំនាក់ទំនងទាំងអស់ត្រូវបញ្ចប់ដោយភាពស្អប់គ្នានោះទេ។ អតីតគូស្នេហ៍ខ្លះនៅតែយកចិត្តទុកដាក់ចំពោះគ្នា ឬនៅតែជាមិត្តនឹងគ្នាជាដើម។ ជាក់ស្ដែងដូចជារឿងអតីតប្តីប្រពន្ធនេះវិញ ដោយសារតែខាងប្រុសគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ផ្លូវជម្រាលភ្នំកម្ពស់ប្រហែល ៥០ម៉ែត្រ បណ្ដាលឱ្យគាត់ត្រូវខូចខួរក្បាល និងសម្រាកនៅនឹងគ្រែដូចមនុស្សរុក្ខជាតិ ដូច្នេះហើយអតីភរិយារបស់គាត់នៅតែមើលថែ និងចំណាយថ្លៃព្យាបាលឱ្យគាត់រយៈពេលជាង ២០ឆ្នាំមហើយ ទោះបីជាគាត់មានគ្រួសារថ្មីយ៉ាងណាក៏ដោយ។

អតីតភរិយារូបនេះមានឈ្មោះថា Jia មកពីខេត្ត Shandong ប្រទេសចិន គាត់បាននៅមើលថែអតីតប្ដីរបស់គាត់រយៈពេលជាង ២០ឆ្នាំមកហើយ។ ដំបូងឡើយពួកគាត់ទាំង ២នាក់ មិនទាន់ចែកផ្លូវគ្នានោះទេ ប៉ុន្តែដោយសារតែការមើលថែអតីតប្ដី និងកូនកូន ក្លាយជាបន្ទុករបស់គាត់ទាំងស្រុង ដូច្នេះគាត់មិនអាចមានពេលចេញទៅធ្វើការខាងក្រៅដើម្បីរកចំណូលបានគ្រប់គ្រាន់នោះទេ។ ដោយសារថារូបគាត់ពិបាកផ្នែកហិរញ្ញវត្ថុខ្លាំងពេក ហើយគ្រួសារខាងប្តីក៏ក្រីក្រផងនោះ គាត់ក៏សុខចិត្តលែងលះអតីតស្វាមីរបស់គាត់ និងបានរៀបការជាមួយបុរសម្នាក់ទៀត ដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុ។
ចំណែកឯខាងគ្រួសារអតីតស្វាមីរបស់នាង Jia ក៏មិនបានជំទាស់អ្វីនោះទេព្រោះថា ពួកគេយល់ពីស្ថានភាពរបស់នាង ហើយម៉្យាងនាងមិនមែនធ្វើដើម្បីខ្លួនឯងនោះទេ។ បន្ទាប់ពីលែងលះរួចនាងក៏មិនច្បាស់ក្នុងចិត្តដែរថា មានអ្នកណានឹងទទួលយកនាងជាភរិយា? ប៉ុន្តែដោយមានជំនួយពីអ្នកជិតខាង នាង Jia ត្រូវបានគេណែនាំឱ្យស្គាល់បុរសល្អម្នាក់។ នៅទីបំផុតនាងក៏បានរៀបការជាមួយគាត់ ហើយមិនត្រឹមតែបុរសនោះបានបង្ហាញពីឆន្ទៈក្នុងការសាងអនាគតជាមួយនាងនោះទេ គាត់ថែមទាំងជួយចែករំលែកបន្ទុកក្នុងការមើលថែអតីតស្វាមី និងថែមទាំងជួយផ្គត់ផ្គង់គ្រួសារអតីតប្តីទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ នាង Jia នៅតែឆ្លៀតពេលមកមើលថែអតីតប្ដីជានិច្ច ទោះបីកន្លងមកជាង ២០ឆ្នាំក៏ដោយ៕

អត្ថបទ៖ លីដា