ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនស្រីលោក លី សៀវឡុង ប្ដឹងភោជនីយដ្ឋានមួយទាមទាប្រាក់សំណង ៣០ លានដុល្លារ ក្រោយយករូបឪពុកខ្លួនទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត

    BY autoadmin December 27, 2019
    កូនស្រីលោក លី សៀវឡុង ប្ដឹងភោជនីយដ្ឋានមួយទាមទាប្រាក់សំណង ៣០ លានដុល្លារ ក្រោយយករូបឪពុកខ្លួនទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត

    ចិន៖ អ្នកស្រី Shannon Lee ដែលជាកូនស្រីបង្កើតរបស់កំពូលតារាសម្ដែងក្បាច់គុនចិន Bruce Lee ឬប្រជាពលរដ្ឋខ្មែរទូទៅតែងហៅថា លី​ សៀវឡុង នោះ បានដាក់ពាក្យបណ្ដឹងទៅកាន់ភោជនីយដ្ឋានលក់អាហារ Fast-food មួយកន្លែង ដែលបានយករូបលោក លី​ សៀវឡុង ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ អ្នកស្រី Shannon Lee​ អាយុ ៥០ឆ្នាំ បានឲ្យដឹងថា គាត់ធ្លាប់ជូនដំណឹងទៅកាន់ភោជនីយដ្ឋានមួយនោះឲ្យមកដោះស្រាយបញ្ហាយូរដែរហើយតែហាក់គ្មានដំណោះស្រាយទាល់តែសោះ ទើបចុងក្រោយនេះគាត់សម្រេចដាក់ពាក្យប្តឹងតែម្តងដោយទាមទាប្រាក់សំណងចំនួន ២១០ លានយន់ (៣០ លានដុល្លារអាមេរិក)។

    អ្នកស្រី Shannon Lee

    រូបភាព Logo មួយនោះត្រូវបានគេស្គាល់ថា ជារូបរបស់លោក លី​ សៀវឡុង ស្លៀកពាក់ឯកសណ្ឋានពណ៌លឿង ដែលវាជាឈុតមួយនៅក្នុងរឿងដ៏ល្បីល្បាញរបស់លោកគឺរឿង “Game of Death”។ ​យ៉ាងណាក្តី ភាគីខាងភោជនីយដ្ឋានបានប្រាប់ឲ្យដឹងថា រូបភាព Logo មួយនោះត្រូវបានភោជនីយដ្ឋានប្រើប្រាស់អស់រយៈពេល ១៥ ឆ្នាំមកហើយ ក្រោយទទួលបានការអនុញ្ញតពីការិយាល័យពាណិជ្ជសញ្ញាជាតិរបស់ប្រទេសចិន។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានឃើញដំណោះស្រាយណាមួយជុំវិញជំលោះនេះនៅឡើយទេ ខណៈអ្នកសារព័ត៌មាន និងមហាជនជាច្រើនកំពុងរង់ចាំមើលថា តើអាជ្ញាធរចិននឹងបញ្ចប់រឿងចម្រូងចម្រាសមួយនេះដោយរបៀបណា?

    អត្ថបទ៖ ភក្តី

    Share This Post: