អ្នកសង្គ្រោះម្នាក់ដែលបានជួយនាំយកក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេចេញពីល្អាងថាំលួង ពេលនេះបានស្លាប់ហើយ ដោយសារឆ្លងមេរោគអំឡុងពេលសង្គ្រោះ
កងទ័ពជើងទឹកថៃបានរាយការណ៍នៅថ្ងៃសុក្រថា កងទ័ពជើងទឹកពិសេសរបស់ថៃម្នាក់ដែលបានចូលរួមក្នុងការជួយសង្គ្រោះក្មេងប្រុសទាំង១២ និងគ្រូបង្វឹករបស់ពួកគេ ចេញពីរូងភ្នំថាំលួងដ៏អស្ចារ្យក្នុងខេត្តឈៀងរ៉ៃកាលពីឆ្នាំមុន ពេលនេះបានស្លាប់បាត់បង់ជីវិត ដោយសារការឆ្លងមេរោគឈាមដែលគាត់បានឆ្លងក្នុងកំឡុងពេលប្រតិបត្តិការនេះ។ មន្ត្រីកងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Beiret Bureerak បានទទួលការព្យាបាលបន្ទាប់ពីឆ្លងមេរោគដែរ ប៉ុន្តែស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ។

គួររំលឹកដែរថា អ្នកជួយសង្គ្រោះម្នាក់ដែលជាអតីតអ្នកមុជទឹករបស់កងទ័ពជើងទឹកឈ្មោះ Sgt Saman Kuman ក៏បានស្លាប់ដែរក្នុងកំឡុងពេលប្រតិបត្តិការជួយសង្គ្រោះដំបូង។ ចំណែកមូលហេតុដែលក្រុមក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេគឺលោក Ekapol Chanthawong បានជាប់គាំងនៅក្នុងរូងភ្នំ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ គឺដោយសារភ្លៀងយ៉ាងធំបានជន់លិចប្រព័ន្ធល្អាង ហើយពួកគេក៏ជាប់នៅក្រោមដីនៅទីនោះតែម្ដងទៅ។ មានអ្នកស្ម័គ្រចិត្តមកពីបរទេសបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ ហើយរយៈពេល ៩ថ្ងៃ ក្មេងប្រុស និងគ្រូបង្វឹករបស់ពួកគេក៏ត្រូវបាននាំចេញពីល្អាងដោយសុវត្ថិភាព៕



អត្ថបទ៖ លីដា