គិតគូរល្អិតល្អន់មែន! រដ្ឋាភិបាលថៃត្រៀមកាដូយ៉ាងពិសេសសម្រាប់ប្រជាពលរដ្ឋគេនៅឆ្នាំ២០២០ខាងមុខនេះ
ដើម្បីបង្កើនភាពរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រសួងរបស់ប្រទេសថៃជាច្រើនបានរៀបចំអំណោយពិសេស ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់មនុស្សគ្រប់ថ្នាក់ទាំងអស់ដូចជា៖
– ក្រសួងថាមពលនឹងធ្វើឱ្យតម្លៃអគ្គិសនីមានស្ថេរភាពចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុចំពោះប្រជាជន។ គេរំពឹងថាការចាត់ចែងនេះនឹងត្រូវការថវិកាប្រមាណ ៦.៨ពាន់លានបាត។

– ជាមួយនឹងរាល់ការចំនាយទឹកប្រាក់ ១,០០០បាត តាមរយៈសេវាទូទាត់លុយអនឡាញ (wallet app) អ្នកប្រើម្នាក់ៗនឹងមានឱកាសឈ្នះ “មាស” រៀងរាល់សប្តាហ៍។ អ្នកលក់ក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរ ព្រោះរាល់វិក័យប័ត្រអេឡិចត្រូនិកដែលមាននៅក្នុង wallet app នឹងផ្តល់ឱ្យពួកគេនូវឱកាសដើម្បីឈ្នះមាសដូចគ្នា។
– អ្នកណាដែលជាកូនបំណុលដ៏ល្អរបស់ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ដែលមានកំណត់ត្រាទូទាត់ប្រាក់ល្អរយៈពេល ៤៨ខែជាប់គ្នានឹងទទួលបានប្រាក់សំណងវិញមួយពាន់បាត គិតត្រឹមខែធ្នូ បន្ទាប់ពីការទូទាត់ត្រូវបានធ្វើឡើងសម្រាប់ខែធ្នូ ឆ្នាំ២០១៩។
– សម្រាប់អ្នកដែលចូលចិត្តទិញទំនិញ នឹងមានទីផ្សារដែលផ្តល់ជូននូវផលិតផលគ្រប់ប្រភេទតាមតម្លៃរោងចក្រ។ នៅខែធ្នូ កន្លែងលក់សំខាន់ៗ គឺនៅក្រសួងឧស្សាហកម្មនៅលើផ្លូវរ៉ាម៉ា៦។
– អ្នកដែលមានគម្រោងទិញផ្ទះក្នុងតម្លៃមិនលើសពី ៣លានបាត គួរតែពេញចិត្តនឹងគម្រោង Ban Nai Fun ព្រោះវាផ្តល់អត្រាការប្រាក់ទាប និងមិនមានថ្លៃសេវាផ្ទេរប្រាក់ និងទ្រព្យតម្កល់ឡើយ។
– អ្នកដែលរកប្រាក់ចំណូលមិនលើសពី ១០០,០០០បាត/ខែ ហើយមានបំណងចង់ទិញផ្ទះនឹងទទួលបានការបញ្ចុះថ្លៃទូទាត់ចំនួន ៥០,០០០បាត ប្រសិនបើពួកគេស្ថិតនៅលើមូលដ្ឋានទិន្នន័យពន្ធរបស់នាយកដ្ឋានចំណូល។ ចំនួនអ្នកដាក់ពាក្យសុំមានសិទ្ធិមានកំណត់ត្រឹម ១០០,០០០នាក់។
– សម្រាប់អ្នកដែលមានប្រាក់សន្សំខ្លះ ក្រសួងហិរញ្ញវត្ថុកំពុងត្រៀមចេញប័ណ្ណប្រាក់សន្សំដោយមានកញ្ចប់ថវិកា ២០ពាន់លានបាត។ ពួកគេកំពុងត្រូវបានលក់ចាប់ពីថ្ងៃទី១៣ ខែធ្នូ ហើយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ជាងធនាគារ។ វាក៏មានការផ្ដល់ជូនពិសេសសម្រាប់មនុស្សចាស់ផងដែរ។
– សម្រាប់អ្នកដែលគ្រោងធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រសួងដឹកជញ្ជូនបានចាត់វិធានការកាត់បន្ថយថ្លៃរថភ្លើងអគ្គិសនី និងលើកលែងថ្លៃមធ្យោបាយដឹកជញ្ជូនជាកាដូឆ្នាំថ្មីសម្រាប់សមាជិកសាធារណៈ។
– ទន្ទឹមនឹងនេះក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ និងសហគ្រិនទូទាំងប្រទេស ដើម្បីកាត់បន្ថយតម្លៃផលិតផល ដើម្បីជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាជនក្នុងការរស់នៅប្រហែល ៣០ថ្ងៃ។
– រដ្ឋាភិបាលក៏បានអនុម័តថវិកាបន្ថែមសម្រាប់គម្រោងដែលផ្តល់ថ្លៃដើមផលិតកម្ម សម្រាប់អ្នកដាំស្រូវដែលបានចុះបញ្ជីជាអំណោយមួយទៀតពីរដ្ឋាភិបាល៕

អត្ថបទ៖ លីដា