ឆ្លាតមែនទែន! បុរសម្នាក់នេះបានបង្កើតកៅអីម្យ៉ាង ដែលអាចឱ្យអ្នកអង្គុយធ្វើការអាចប្តូរឥរិយាបទបានងាយស្រួលជាងមុន
តើអ្នកពិបាកក្នុងការអង្គុយឱ្យស្រួលខ្លួនដែរទេ នៅពេលធ្វើការក្នុងការិយាល័យ? ទោះបីជាគ្មាននរណាម្នាក់និយាយអំពីបញ្ហានេះក៏ដោយ ប៉ុន្តែគ្រប់កន្លែងធ្វើការភាគច្រើនយើងតែងអង្គុយនៅកៅអីដោយដាក់ជើងចុះក្រោម ហើយការអង្គុយបែបនេះនិយាយតាមត្រង់ទៅចុះគឺហត់នឿយ និងពិបាកក្នុងខ្លួនខ្លាំងណាស់។ មិនត្រឹមតែពិបាកក្នុងខ្លួននោះទេ វាថែមទាំងធ្វើឱ្យអ្នកឈឺចាប់នៅផ្នែកណាមួយទៀតផង ពិសេសនៅត្រង់ចង្កេះ និងខ្នង នៅពេលដែលយើងធ្វើការពេញមួយថ្ងៃ។ ពេលខ្លះយើងតែងតែចង់ពែនភ្នែននៅលើកៅអីតែម្តង ព្រោះថាឥរិយាបទបែបនេះមិនសូវហត់នឿយ។

ប៉ុន្តែយ៉ាងណាពេលនេះអ្នករចនា និងជាស្ថាបនិកម្នាក់ឈ្មោះ Pack Matthews បានរកឃើញនូវដំណោះស្រាយថ្មីមួយហើយ ដោយស្ថាបនិក My Soul Seat រូបនេះបានបង្កើតជាកៅអីម៉្យាងងាយស្រួលអង្គុយ ដែលលោកអ្នកអាចប្រែខ្លួន និងអង្គុយក្នុងឥរិយាបទបែបណាក៏បាន។ មូលហេតុដែលគាត់បានបង្កើតកៅអីនេះឡើងគឺដោយសារគាត់ក៏ដូចជាយើងទាំងអស់គ្នា គឺសុទ្ធតែមានបញ្ហាជាមួយឥរិយាបទក្នុងការអង្គុយទាំងអស់។ គាត់ជាមនុស្សដែលតែងតែធ្វើការនៅនឹងមុខកុំព្យូទ័រ ដូច្នេះគាត់ត្រូវការប្រែខ្លួនចុះឡើងច្រើន ព្រោះថាឥរិយាបទដដែលយូរពេកវានឹងមានសម្ពាធដល់រាងកាយ និងធ្វើឱ្យមានការឈឺចាប់ជាដើម។
វាជាកៅអីដែលផលិតឡើងដូចជាការអង្គុយហាត់ Yoga ហើយបច្ចុប្បន្នវាត្រូវបានដាក់លក់ក្នុងតម្លៃ ៨៧៥ដុល្លារ និងតម្លៃប្រហែលជា ១,២០០ដុល្លារ សម្រាប់ប្រភេទជើងឈើ ឬអាចចូលមើលក្នុងគេហទំព័ររបស់ My Soul Seat ផ្ទាល់៕



អត្ថបទ៖ លីដា