វិស្សមកាលចូលឆ្នាំថ្មីគិតត្រឹមថ្ងៃទី១ នៅប្រទេសថៃ មានមនុស្សស្លាប់រហូតដល់ទៅ ៤៣នាក់ និងរបួស ៤៦៦នាក់
មនុស្ស ៤៣នាក់បានស្លាប់ និង ៤៦៦នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល ៧ថ្ងៃ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០ ហើយការបើកបរពេលស្រវឹងនៅតែជាមូលហេតុចម្បង។ មជ្ឈមណ្ឌលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៤៦៤ ត្រូវបានរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ដោយមានមនុស្សស្លាប់ និងរងរបួសជាង ៥០០នាក់។

កាលពីឆ្នាំមុនក៏មានអ្នកស្លាប់ចំនួន ៤៥នាក់ និងរងរបួសចំនួន ៤២៨នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤១៩ករណី នៅថ្ងៃដំបូងនៃវិស្សមកាលចូលឆ្នាំថ្មីផងដែរ ពោលគឺប្រទេសនេះមានករណីគ្រោះថ្នាក់ច្រើនមែនទែន។ ការបើកបរក្នុងពេលស្រវឹងគឺជាបុព្វហេតុចម្បង ដែលមានចំនួន ៣០.៤% នៃគ្រោះថ្នាក់ដែលបានកើតឡើងនៅឆ្នាំនេះ ហើយបន្ទាប់មកគឺ ២៤.៧៨% ដោយការបើកបរលើសល្បឿនកំណត់។ ភាគច្រើននៃយានយន្តដែលចូលរួមក្នុងគ្រោះថ្នាក់ចរាចរណ៍គឺម៉ូតូដូចឆ្នាំមុនៗដែរ៕


អត្ថបទ៖ លីដា