យ៉ាងហោចណាស់មនុស្សចំនួន ៥០នាក់ បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងពេក
ក្រុមមន្ត្រីបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥០នាក់ បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារអាកាសធាតុត្រជាក់នៅតែបន្តសាយភាយទូទាំងប្រទេស។ ការិយាល័យឧតុនិយមបាននិយាយថា សីតុណ្ហភាពទាបបំផុតរបស់ប្រទេសនៅឆ្នាំនេះគឺ ៤.៥អង្សាសេ ត្រូវបានកត់ត្រានៅព្រឹកថ្ងៃអាទិត្យ នៅ Tetulia ដែលជាទីក្រុងព្រំដែននៅភាគខាងជើងនៃប្រទេស។ ក្នុងនោះផងដែរមានមនុស្សចំនួន ១៧នាក់ បានស្លាប់ដោយសារការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និង ៣៣នាក់ ឆ្លងជំងឺរាគរូស ដែលបណ្តាលមកពីវីរុសជំងឺរាកលើកូនក្មេង (rotavirus) និងជំងឺដទៃទៀតនៅទូទាំងប្រទេសបង់ក្លាដែស ចាប់តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែធ្នូ។

នៅតាមមន្ទីរពេទ្យត្រូវបានប្រមូលផ្តុំដោយមនុស្សដែលទទួលរងពីជំងឺ ដែលទាក់ទងនឹងជំងឺផ្តាសាយដូចជា៖ គ្រុនផ្តាសាយ ការខ្វះជាតិទឹក និងជំងឺរលាកសួត។ អ្នកដែលមានប្រាក់ចំណូលទាបជាពិសេសកម្មករគឺទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារអាកាសធាតុត្រជាក់ ហើយពួកគេខ្វះសម្លៀកបំពាក់ ខណៈដែលមនុស្សជាច្រើនជាពិសេសកុមារ និងមនុស្សចាស់ងាយនឹងកើតជំងឺដូចជាជំងឺរលាកសួត។ ការិយាល័យអាកាសធាតុបាននិយាយថា ការចុះត្រជាក់ខ្លាំង អមដោយខ្យល់ត្រជាក់ និងអ័ព្ទក្រាស់ទំនងជាបន្តរយៈពេលពីរបីថ្ងៃទៀត៕




អត្ថបទ៖ លីដា