ចុងខែមិនទាន់ដាច់លុយរហូតមែនទេ? អាចសាកល្បងសន្សំតាមវិធីថ្មីនេះបាន
មនុស្សជាច្រើនបានបរាជ័យក្នុងការសន្សំលុយហើយពួកគេតែងកុហកខ្លួនឯងជាប្រចាំថា ចាប់ពីថ្ងៃស្អែកទៅពួកគេនឹងចាប់ផ្ដើមសន្សំលុយវិញហើយ តែជាក់ស្តែងពួកគេមិនអាចធ្វើបានឡើយ។ ដើម្បីលើកទឹកចិត្តអ្នកឲ្យចេះសន្សំលុយ ថ្ងៃនេះអង្គភាពខ្មែរណូតសូមធ្វើការណែនាំលោកអ្នកពីរបៀបសន្សំលុយម្យ៉ាងដែលគេហៅថា “ហោប៉ៅប្រតិទិន”។ វិធីសន្សំលុយនេះមានពីររបៀបដូចខាងក្រោម៖
-របៀបទី ១៖ ពេលបើកប្រាក់ខែភ្លាម អ្នកត្រូវធ្វើការបែបចែកលុយឲ្យបានច្បាស់លាស់ដូចជា លុយត្រូវសន្សំ លុយទិញសម្ភារៈផ្សេងៗ លុយបម្រុងទុកសម្រាប់ចំនាយក្រៅផ្លូវការ និងលុយត្រូវចាយប្រចាំថ្ងៃ។ បន្ទាប់ពីបែងចែករួចហើយអ្នកត្រូវយកលុយសម្រាប់ចាយប្រចាំថ្ងៃទៅរក្សាទុកនៅក្នុងហោប៉ៅប្រតិទិនតាមថ្ងៃនីមួយៗ ហើយអ្នកត្រូវមកដកលុយរាល់ពេលព្រឹក។ វិធីនេះជួយអ្នកឲ្យមានដែនកំណត់នៃការចាយប្រចាំថ្ងៃ ព្រោះពេលខ្លះអ្នកដែលមានទម្លាប់ដាក់លុយច្រើនតាមខ្លួនក៏ចាយច្រើនទៅតាមហ្នឹងដែរ។

-របៀបទី ២៖ អ្នកត្រូវយកលុយទៅរក្សាទុកនៅក្នុងហោប៉ៅប្រតិទិនជារៀងរាល់ថ្ងៃ ដោយកំណត់ពីចំនួនត្រូវសន្សំឲ្យច្បាស់ តែបើថ្ងៃណាអ្នកមានលុយច្រើនអាចសន្សំច្រើនលើកចំនួនកំណត់ក៏បាន។ វិធីនេះនឹងជំរុញទឹកចិត្តឲ្យអ្នកឲ្យត្រូវចេះឆ្លៀតសន្សំលុយជាប្រចាំ ហើយវិធីនេះល្អបំផុតសម្រាប់អ្នកដែលមានប្រាក់ចំណូលប្រចាំថ្ងៃ៕
អត្ថបទ៖ ភក្តី
