Greta Thunberg និយាយថា វាជាការខ្ជះខ្ជាយពេលវេលាសម្រាប់នាង បើបាននិយាយជាមួយលោក ដូណាល់ ត្រាំ អំពីការប្រែប្រួលអាកាសធាតុ
សកម្មជនអាកាសធាតុនាង Greta Thunberg បាននិយាយថា វាខ្ជះខ្ជាយពេលវេលាណាស់សម្រាប់នាង ដើម្បីទៅពិភាក្សាអំពីការប្រែប្រួលអាកាសធាតុជាមួយលោក ដូណាល់ ត្រាំ ដោយលើកឡើងពីមន្ទិលរបស់ប្រធានាធិបតីរូបនេះ ចំពោះវិទ្យាសាស្ត្រអាកាសធាតុ។ Thunberg បានប្រាប់វិទ្យុ BBC Radio 4 កាលពីថ្ងៃច័ន្ទថា ប្រសិនបើនាងបានជួបផ្ទាល់ជាមួយលោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ ដែលរៀបចំដោយអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា នាង “ប្រហែលជា” នឹងមិននិយាយអ្វីទាំងអស់។ នាង Greta Thunberg បាននិយាយថា៖ «និយាយតាមត្រង់ទៅ ខ្ញុំមិនគិតថាខ្ញុំនឹងនិយាយអ្វីទេ ពីព្រោះជាក់ស្តែងគាត់មិនស្តាប់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ ដូច្នេះហេតុអ្វីបានគាត់ត្រូវស្តាប់ខ្ញុំ?» នាងបន្ថែមថា៖ «ដូច្នេះខ្ញុំប្រហែលជាមិននិយាយអ្វីទាំងអស់។ ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទេ។»

រំលឹកដែរថា លោក ត្រាំ កាលពីខែវិច្ឆិកា បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិថា អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយនិយាយថា ជាការបោកបញ្ឆោតដែលបង្កើតឡើងដោយជនជាតិចិន។ ចំណែកសកម្មជនអាកាសធាតុនាង Greta Thunberg ដែលមានអាយុ ១៦ឆ្នាំ មកពីប្រទេសស៊ុយអែតថ្មីៗនេះ ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សឆ្នើមប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩ ដោយទស្សនាវដ្ដី TIME ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់នាង ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងដឹកនាំការធ្វើកូដកម្មអាកាសធាតុដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រក្នុងខែកញ្ញា។
យ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ មិនជឿលើការប្រែប្រួលអាកាសធាតុនោះទេ ហើយលោកបានវាយប្រហារលើនាង Thunberg នៅក្នុងសារ Twitter កាលពីដើមខែនេះ ដោយបញ្ជាក់ថា វាជារឿងគួរឱ្យអស់សំណើចណាស់សម្រាប់ទស្សនាវដ្តី TIME ដែលបានដាក់ Thunberg ជាបុគ្គលឆ្នើមប្រចាំឆ្នាំ។ លោកបាននិយាយថា៖ «គួរឱ្យអស់សំណើចណាស់។ Greta Thunberg ត្រូវតែធ្វើការលើការគ្រប់គ្រងកំហឹងរបស់នាងជាមុន បន្ទាប់មកមើលខ្សែភាពយន្តចាស់ៗជាមួយមិត្តភក្តិណាម្នាក់! សម្រាកទៅ Greta, សម្រាក!»។ ប៉ុន្តែយ៉ាងណា Greta Thunberg ហាក់មិនមានប្រតិកម្មជាមួយពាក្យលោក ដូណាល់ ត្រាំ ឡើយ ដោយគ្រាន់តែប្តូរជីវប្រវត្តិ (Bio) នៅលើ Twitter ទៅជា “ជាក្មេងជំទង់ម្នាក់ ដែលធ្វើការលើបញ្ហាការគ្រប់គ្រងកំហឹងរបស់នាង។ បច្ចុប្បន្ននេះកំពុងសម្រាក និងទស្សនាខ្សែភាពយន្តចាស់បុរាណជាមួយមិត្តម្នាក់” ប៉ុណ្ណោះ៕



អត្ថបទ៖ លីដា