ដើម្បីអបអរធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ជប៉ុន ចែកសំបុត្រយន្តហោះ Free ដល់ភ្ញៀវទេសចរចំនួន ៥០,០០០សំបុត្រ
ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ (Japan Airlines) និយាយថា ខ្លួននឹងផ្តល់ជូននូវសំបុត្រធ្វើដំណើរទៅមក (round-trip) ចំនួន ៥០,០០០សំបុត្រ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅហើយ។ សំបុត្រទាំងនេះគឺសម្រាប់ជើងហោះហើរដែលចាកចេញពីទីក្រុង Tokyo (ព្រលាន Haneda) ឬ Osaka (ព្រលាន Itami/Kansai) ដើម្បីទៅកាន់ទិសដៅ ១ ក្នុងចំណោមទិសដៅចំនួន ៤ នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់។ គំនិតផ្តួចផ្តើមដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ គឺមានគោលបំណងដើម្បីលើកទឹកចិត្តដល់អ្នកដែលមកទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (2020 Tokyo Olympics and Paralympics) ឱ្យធ្វើដំណើរទៅកាន់តំបន់ជនបទ និងទទួលបានបទពិសោធន៍ទេសចរណ៍ពីក្នុងតំបន់ក្រៅទីក្រុងនោះ។

ក្រុមហ៊ុនជប៉ុនអ៊ែរឡាញបាននិយាយថា “ប្រទេសជប៉ុនគឺមានអ្វីដែលប្រសើរជាងភ្លើងពណ៌នាពេលរាត្រីនៅក្នុងទីក្រុង” អ្នកទេសចរអាចស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ និងការអនុវត្តវប្បធម៌ប្លែកៗ តាមរយៈការរុករកតំបន់ផ្សេងៗគ្នារបស់ប្រទេសជប៉ុន។ យោងតាមការស្រាវជ្រាវទេសចរណ៍ JTB បានឱ្យដឹងថា ប្រជាជនបរទេសជិត ២.៥លាននាក់ បានមកលេងប្រទេសជប៉ុន គិតត្រឹមក្នុងខែតុលា ឆ្នាំ២០១៩។ ហើយឧស្សាហកម្មទេសចរណ៍ក៏បានបង្កើតប្រាក់ចំណូលចំនួន ៣៧ពាន់លានដុល្លារ សម្រាប់ប្រទេសនេះក្នុង ឆ្នាំ២០១៧ ផងដែរ។ ស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា អ្នកដំណើរធ្វើដំណើរកម្សាន្តយ៉ាងច្រើនកុះករទៅតំបន់ Kanto ក៏ដូចជាតំបន់ Kansai ជាមួយ Osaka និង Kyoto ផងដែរ។
ថ្វីបើតំបន់ជនបទតូចជាងមុនមិនអាចចាប់យកប្រាក់បានច្រើនពីឧស្សាហកម្មទេសចរណ៍ ប៉ុន្តែការផ្សព្វផ្សាយរបស់ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ អាចជួយជំរុញឱ្យភ្ញៀវទេសចរធ្វើដំណើរទៅទីឆ្ងាយបាន។ យោងតាមអាយុកាលនៃការបម្រើសេវាដល់ភ្ញៀវ ការធ្វើវិវេចនាដោយអ្នកដំណើរ ការផ្តល់ជូនសេវា និងប្រាក់ចំណេញ ក្រុមហ៊ុនជប៉ុនអ៊ែរឡាញត្រូវបានជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទី១០ នៅលើពិភពលោកដោយ AirlinesRatings.com ។
ដើម្បីស្នើយកសំបុត្រយន្តហោះ FREE នេះអ្នកត្រូវ៖
– ជាសមាជិកធនាគារ JAL Mileage ។
– ត្រូវមានលិខិតឆ្លងដែននៅក្រៅប្រទេសជប៉ុន ឬប្រសិនបើអ្នកមានទីលំនៅអចិន្ត្រៃយ៍នៅក្រៅប្រទេសជប៉ុន។
– ធ្វើដំណើរមកកាន់ជប៉ុនចន្លោះពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី៣០ ខែកញ្ញា។
– អ្នកនឹងដឹងពីកន្លែងដែលអ្នកនឹងត្រូវទៅក្នុងរយៈពេលបីថ្ងៃនៃការដាក់ពាក្យសុំ។
– អ្នកអាចដាក់ពាក្យជាក្រុម ដែលអាចមានមនុស្សរហូតដល់បួននាក់។
– ជ្រើសពេលចេញដំណើរ/មកវិញ ៣ ទៅ ៤វេន នៅពេលអ្នកដាក់ពាក្យ។
– ចងចាំលេខកូដនៅក្នុងកាលបរិច្ឆេទចេញដំណើរ និងលេខជើងហោះហើររបស់អ្នកទៅកាន់ប្រទេសជប៉ុន៕

អត្ថបទ៖ លីដា