គ្រោះទឹកជំនន់នៅរដ្ឋធានី Jakarta បានបណ្ដាលឱ្យមនុស្សស្លាប់ ៣០នាក់ ហើយមនុស្ស ៣៦,០០០នាក់ ត្រូវជម្លៀសចេញ
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានប្រកាសថា មានមនុស្សចំនួន ៣០នាក់ បានស្លាប់ដោយសារទឹកជំនន់កាលពីថ្ងៃពុធ ដែលបានជន់លិចរដ្ឋធានី Jakarta និង ទីក្រុងរណបដូចជា៖ Bogor, Depok, Tangerang, និង Bekasi នៅចំថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកនាំពាក្យរបស់ BNPB លោក Agus Wibowo នៅថ្ងៃព្រហស្បតិ៍ទី០២ ខែមករា បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេសន្មតថា ជាជនរងគ្រោះដោយសារទឹកជំនន់ ដែលត្រូវបានវាយប្រហារដោយការថយចុះកម្តៅក្នុងខ្លួន (hypothermia), ឆក់ចរន្តអគ្គិសនី, កប់នៅក្រោមដី និងត្រូវទឹកហូរបោក ហើយមនុស្ស ៣៦,០០០នាក់ ត្រូវបានគេជម្លៀសចេញ។

ការស្លាប់ដែលបណ្តាលមកពីការរអិលបាក់ដីបានកើតឡើងនៅទីក្រុង Depok ទីក្រុង Bogor និង Bekasi ។ ទន្ទឹមនឹងនេះដែរជនរងគ្រោះដោយសារការឆក់ខ្សែភ្លើង គឺស្ថិតនៅទីក្រុង Jakarta ខាងកើត ទីក្រុង Bekasi ទីក្រុង Tangerang និង Tangerang ខាងត្បូង។ ទឹកជំនន់ដ៏ធំនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងមានពេលរយៈពេលយូរ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
គួរឱ្យដឹងដែរថា Jakarta និងតំបន់ជាយក្រុងរបស់វា ជាជម្រកសម្រាប់ប្រជាជនជាង ៣០លាននាក់។ មានមនុស្សជាង ៥០នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយរបស់រដ្ឋធានី កាលពី ១២ឆ្នាំមុន និង ៥ឆ្នាំកន្លងទៅ ភាគច្រើននៃកណ្តាលទីក្រុងនេះបានលិចលង់ បន្ទាប់ពីប្រឡាយទឹកបានជន់ហូរហៀរ។ ភាពងាយនឹងរងគ្រោះទឹកជំនន់នេះហើយ ដែលធ្វើឱ្យរដ្ឋាភិបាលរបស់ពួកគេមានបំណងផ្លាស់ប្តូររដ្ឋធានីចេញពី Jakarta ៕



អត្ថបទ៖ លីដា