សូម្បីតែបរទេសក៏បាននិយាយដែរ!!! ខាងសារព័ត៌មានចិនធ្លាប់ចុះផ្សាយថា ក្បាច់គុន មួយថៃ មានដើមកំណើតចេញពីក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរ
ក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរ (Bokator/L’bokator) ប្រហែលជាក្បាច់គុនដែលចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ប៉ុន្តែវាត្រូវបានលុបចោលស្ទើរតែទាំងស្រុងក្នុងរបបបង្ហូរឈាម និងការគាបសង្កត់របស់ប៉ុលពត។ ជាសំណាងដែលសព្វថ្ងៃនេះ “ល្បុក្កតោ” នៅតែរស់រានមានជីវិតបាន នេះគឺត្រូវអរគុណដល់លោកគ្រូក្បាច់គុនមួយចំនួន ដែលនិយាយពីវា និងបង្ហាត់ក្បាច់គុននេះដល់សិស្សជំនាន់ក្រោយម្តងទៀត។ រំលឹកទៅដល់សម័យប៉ុលពតវិញ វាគឺជារបបប្រល័យពូជសាសន៍ខ្មែរ ដែលធ្វើឱ្យប្រជាជននៅតែមានអារម្មណ៍ដក់ជាប់ និងភ័យខ្លាចបំផុត ទោះបីជាវាកន្លងទៅជាង ៤០ឆ្នាំហើយក្ដី។

ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយ ដែលមានអាយុកាលប្រហែលជា ២,០០០ឆ្នាំ មកហើយ។ វាជាក្បាច់គុនប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន ដែលបង្កើតដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរ តាំងតែពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាមកម្ល៉េះ។ ក្បាច់គុននេះក៏ទំនងជាកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរផងដែរ នេះបើតាមរឿងព្រេងនិទានខ្មែរ។ “ល្បុក្កតោ” យកលំនាំតាមតថភាពមនុស្សសម័យបុរាណ ក៏ដូចជាកាយវិការរបស់សត្វ ដោយសារថាកាលនៅជំនាន់នោះ ខ្មែរយើងយកល្បុក្កតោមកការពារខ្លួនពីសត្រូ សត្វសាហាវ និងប្រើក្នុងសមរភូមិ ល ។
ល្បុក្កតោ មានន័យថា «វាយតោ» ពោលគឺ «បុក» មានន័យថា «វាយ» ឬក្បាច់គុន ហើយ ពាក្យ «តោ» មានន័យថា «សត្វតោ» ឬ អនុភាព។ សរុបមក ល្បុក្កតោ មានន័យថា ជាកំពូលក្បាច់គុនប្រកបដោយអនុភាព ឬក្បាច់គុនខ្លាំងដូចសត្វតោ។ រហូតមកដល់បច្ចុប្បន្ន សូម្បីតែប្រដាល់សេរីខ្មែរ ឬ មួយថៃ (Muay Thai) ក៏សុទ្ធតែមានដើមកំណើតចេញពីក្បាច់គុននេះ។ ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។
ជាក់ស្ដែងកាសែត South China Morning Post ក៏ធ្លាប់សរសេរអំពី “ល្បុក្កតោ” និងបានសរសើរលោកគ្រូគុនម្នាក់របស់ខ្មែរផងដែរ។ នៅក្នុងអត្ថបទដ៏វែងរបស់ SCMP បានសរសេរយ៉ាងច្បាស់ថា ល្បុក្កតោជារបស់ខ្មែរ ហើយមួយថៃ (Muay Thai) គឺមានដើមកំណើតចេញពីក្បាច់គុននេះ ដោយមានចម្លាក់នៅអង្គរវត្តជាភស្តុតាងមិនអាចប្រកែកបាន។ វាស្ទើរតែត្រូវបានបំផ្លាញចោលទាំងស្រុងនោះក្នុងសម័យប្រល័យពូជសាសន៍ ប៉ុន្តែវាបានរស់រានឡើងវិញនៅទឹកដីខ្មែរ ដែលនេះគឺអរគុណដល់លោកគ្រូ San Kim Sean (សាន គឹមស៊ាន) ដែលគាត់ខិតខំព្យាយាមដាក់់ចិត្តបង្រៀនដល់សិស្សជំនាន់ក្រោយមិនខ្លាចហត់នឿយ។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយលោកគ្រូ សាន គឹមស៊ាន បាននិយាយយ៉ាងមានមោទកថា ខណៈដែល “មួយថៃ” មានភាពល្បីល្បាញនៅទូទាំងពិភពលោក ប្រភពដើមរបស់វាគឺចេញពី “ល្បុក្កតោខ្មែរ” ព្រោះអាណាចក្រខ្មែរធ្លាប់បានគ្របដណ្ដប់យ៉ាងធំធេងនៅតំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងមួយផ្នែកធំរបស់ថៃក្នុងអំឡុងពេលដែលអំណាចរបស់ខ្មែរ បានឈានដល់កម្រិតកំពូលនៅសតវត្សទី១២ និងទី១៣។ លោកគ្រូក៏បានពន្យល់ពីភាពលំបាក ដែលក្បាច់គុននេះស្ទើរតែរលត់នៅសម័យប៉ុលពតដែរថា៖ “អ្នកមិនត្រូវនិយាយថាអ្នកចេះក្បាច់គុន អ្នកមិនត្រូវនិយាយថាអ្នកបានទៅសាលារៀន កុំនិយាយថាអ្នកពាក់វ៉ែនតា។ ព្រោះអ្នកនឹងត្រូវគេសម្លាប់ក្នុងរយៈពេលតែមួយនាទី”៕






