ចូលឆ្នាំថ្មីភ្លាម ត្រីធូណាមួយក្បាលត្រូវគេលក់បានក្នុងតម្លៃជិត ២ លានដុល្លារនៅជប៉ុន
ជប៉ុន៖ បើកទំព័រឆ្នាំថ្មី ឆ្នាំ ២០២០ នេះភ្លាម មានត្រីធូណាមួយក្បាលត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ជិត ២ លានដុល្លារអាមេរិក។ ត្រីធូណាដែលមានតម្លៃមហាសាលនេះត្រូវបានគេដាក់លក់ក្នុងពិធីដេញថ្លៃមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ តាមសារព័ត៌មាន Bangkokpost បានបញ្ជាក់ថា ត្រីនេះមានទម្ងន់សរុប ២៧៦ គីឡូក្រាម ហើយតម្លៃចុងក្រោយនៃការដេញថ្លៃត្រីយក្សមួយក្បាលនេះគឺ ១៩៣ លានយន់ (១ ៧៨៨ ៣៣៨ ដុល្លារអាម៉េរិក)។ ចំពោះអ្នកដែលមានសំណាងក្លាយជាម្ចាស់ត្រីនេះគឺលោក Kiyoshi Kimura ជាម្ចាស់ភោជនីយដ្ឋានលក់ស៊ូស៊ីដ៏ល្បីនិងធំបំផុតមួយនៅក្នុងប្រទេសជប៉ុន។

គួរម្លឹកជូនថា លោក Kiyoshi Kimura ត្រូវបានសាធារណៈជនដាក់ឈ្មោះថា “ស្តេចត្រីធូណា” ព្រោះកន្លងមកគាត់តែងដេញថ្លៃទិញត្រីធូណាក្នុងតម្លៃខ្ពស់ៗបំផុត តួយ៉ាងកាលពីឆ្នាំ ២០១៩ កន្លងនេះនេះ “ស្តេចត្រីធូណា” បានឈ្នះការដេញថ្លៃទិញត្រីធូណាមួយក្បាលទម្ងន់ ២៨៧ គីឡូក្រាមក្នុងតម្លៃរហូតដល់ជាង ៣លានដុល្លារអាម៉េរិកឯនោះ។ លោក Kiyoshi Kimura បានបញ្ជាក់ថា ការទិញត្រីធូណាក្នុងតម្លៃថ្លៃៗនេះគឺព្រោះលោកចង់ឲ្យអតិថិជនរបស់លោកមានឱកាសភ្លក់រសជាតិសាច់ត្រីដ៏ឆ្ងាញ់ និងកម្របំផុតក្នុងជីវិតរបស់ពួកគេ៕

អត្ថបទ៖ភក្តី
