អ៊ីរ៉ង់បង្កើនការផលិតអ៊ុយរ៉ាញ៉ូមឱ្យលើសពីកម្រិតកំណត់ ឆ្លើយតបទៅអាមេរិកដែលលួចធ្វើឃាតឧត្តមសេនីយ៍ជាន់ខ្ពស់របស់ខ្លួន
ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួននឹងបង្កើនការផលិតអ៊ុយរ៉ាញ៉ូមឱ្យលើសពីដែនកំណត់រឹតត្បិត និងកម្រិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួនជាមួយប្រទេសមហាអំណាច។ អ៊ីរ៉ង់បានប្រកាសសេចក្តីសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ហើយក៏មិនបានបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យជាក់លាក់ណាមួយ សម្រាប់ការបង្កើនការពង្រឹងធាតុអ៊ុយរ៉ាញ៉ូមប៉ុនណានោះទេ។ របាយការណ៍នេះនិយាយថា ប្រទេសនេះនឹងរក្សាទំនាក់ទំនងជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (Atomic Energy Agency) ដូចពីមុន។

សេចក្តីថ្លែងការណ៍និយាយថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិកលើកទណ្ឌកម្ម។ នេះជាលើកទី៥ ហើយសម្រាប់រដ្ឋាភិបាលក្រុងតេហេរ៉ង់ដើម្បីចាត់វិធានការតបតជាបណ្ដោះអាសន្ន ចាប់តាំងពីសហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ប្រទេសនេះទទូចថា ទណ្ឌកម្មបានរារាំងខ្លួនពីការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្រុមអ្នកវិភាគនិយាយថា ទន្ទឹមនឹងការបញ្ចៀសហានិភ័យនៃការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់កំពុងព្យាយាមបង្កើនការព្រួយបារម្ភនៅក្នុងការប៉ុនប៉ង ដើម្បីទទួលបានជំនួយសេដ្ឋកិច្ចពីប្រទេសមហាអំណាចនៅអឺរ៉ុប និងកន្លែងផ្សេងទៀត៕


អត្ថបទ៖ លីដា