ផ្សែងចេញពីភ្លើងឆេះព្រៃនៅអូស្ត្រាលីបានសាយភាយទៅដល់ប្រទេសប្រេស៊ីលហើយ
ប្រេស៊ីល៖ វិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវផ្នែកអវកាសរបស់ប្រទេសប្រេស៊ីលបានឲ្យដឹងថា ពេលនេះផ្សែងដែលកើតចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបានសាយភាយទៅដល់ប្រទេសប្រេស៊ីលហើយ។ តាមរយៈរូបភាពដែលគេថតដោយប្រព័ន្ធផ្កាយរណបបានបង្ហាញថា ផ្សែងបានភាយចូលក្នុងបរិយាកាសនៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រស៊ីល ហើយក្រុមអ្នកជំនាញបានរកឃើញទៀតថា ផ្សែងនៅក្នុងបរិយកាសមានកម្រាស់ប្រមាណជា ៦ ០០០ ម៉ែត្រ និងបានធ្វើដំណើរក្នុងរយៈចម្ងាយប្រមាណជា ១២ ០០០ គីឡូម៉ែត្រចេញពីកន្លែងកើតហេតុមក។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា ផ្សែងនេះបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសប្រេស៊ីលនៅឡើយទេ។ សូមបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបានកើតឡើងជាង ៣ ខែមកហើយ ហើយវាបានសម្លាប់មនុស្សសរុប ២៤ នាក់ សត្វជាច្រើនប្រភេទសរុបប្រមាណជា ៥០០ លានក្បាល ធ្វើឲ្យផ្ទៃដីប្រមាណជា ៨០ ០០០ ម៉ែត្រការ៉េត្រូវខូចខាត ខណៈរហូតមលទល់នឹងពេលនេះរដ្ឋាភិបាលអូស្រ្តាលីទទួលបានប្រាក់ជំនួយចំនួន ១,៤ ពាន់លានដុល្លារហើយដើម្បីស្រោចស្រង់ប្រទេសឡើងវិញ៕
អត្ថបទ៖ ភក្តី


