អ៊ីរ៉ង់គំរាមបំផ្ទុះគ្រាប់បែកលើអ៊ីស្រាអែល និងឌូបៃ បើអាមេរិកហ៊ានសងសឹកមកអ៊ីរ៉ង់វិញ
អ៊ីរ៉ង់បានគំរាមបំផ្ទុះគ្រាប់បែកលើអ៊ីស្រាអែល និងឌូបៃ ប្រសិនបើសហរដ្ឋអាមេរិកសងសឹកចំពោះការវាយប្រហារដោយមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅឯមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលកងទ័ពអាមេរិកឈរជើងនៅទីនោះ។ រំលឹកដែរថា ក្រុងតេអេរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ទៅលើមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលកងទ័ពអាមេរិកឈរជើងទីនោះ។ វាជាការវាយប្រហារសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីថ្ងៃសុក្រ។ មូលដ្ឋានអាកាស Ayn al Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានលោក ដូណាល់ ត្រាំ ចូលទស្សនាកាលពីខែធ្នូ ឆ្នាំ២០១៨ និងមូលដ្ឋាន Erbil នៅអ៊ីរ៉ាក់ឃឺដ គឺត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ វេលាម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច។

ឆ្មាំបដិវត្តអ៊ីរ៉ង់បានព្រមានអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ បើហ៊ានការសងសឹកជុំវិញការវាយប្រហារដោយមីស៊ីលរបស់ខ្លួន។ ឆ្មាំបដិវត្តបានចេញការព្រមានតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់។ ឆ្មាំបដិវត្ដបាននិយាយថា៖ «យើងកំពុងព្រមានសម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដែលពួកគេបានផ្តល់មូលដ្ឋានរបស់ពួកគេឱ្យពួកកងទ័ពភេរវករ [យោធាអាមេរិក] ទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ វានឹងក្លាយជាគោលដៅរបស់អ៊ីរ៉ង់»។ ប៉ុស្តិ៍ទូរទស្សន៍មួយផ្សេងទៀតរបស់ឆ្មាំបដិវត្ដក៏បានគំរាមបំផ្ទុះគ្រាប់បែកនៅឌូបៃ និងហៃហ្វា នៅអ៊ីស្រាអែលផងដែរ៕



អត្ថបទ៖ លីដា