លោក Donald Trump បំភ័យអ៊ីរ៉ង់ជាមួយនឹងយន្ដហោះចម្បាំងបំបាំងកាយចំនួនជាង ៥០គ្រឿង ដែលមានតម្លៃជាង ៤ពាន់លានដុល្លារអាមេរិក
យន្ដហោះចម្បាំងបំបាំងកាយ F-35A Lightning II រាប់សិបគ្រឿងបានធ្វើដំណើរទៅកាន់ផ្លូវរត់កាលពីថ្ងៃច័ន្ទនៅរដ្ឋយូថាហ៍ សម្រាប់សមយុទ្ធកម្លាំងប្រយុទ្ធមួយ។ យន្ដហោះចម្បាំងចំនួន ៥២គ្រឿង ត្រូវបានគេប្រើក្នុងសមយុទ្ធភារកិច្ចសកម្ម The active duty 388th និងស្លាបប្រយុទ្ធ ៤១៩ Reserve 419th Fighter Wings នៅឯមូលដ្ឋានកងទ័ពអាកាស Hill Air Force Base ។ ជាមួយគ្នានេះដែរយន្តហោះចម្បាំងទាំងនេះមានតម្លៃសរុប ៤.២ពាន់លានដុល្លារ ។ ព្រឹត្តិការណ៍នោះបានបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសអាមេរិក ក្នុងការដាក់ពង្រាយកម្លាំង F-35A យ៉ាងច្រើន។

សមយុទ្ធនេះត្រូវបានគ្រោងទុកអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែការប្រតិបត្តិការទឹកបង្ហើយរបស់វាបានកើតឡើងក្នុងសប្តាហ៍តែមួយ ដែលសហរដ្ឋអាមេរិកត្រូវត្រៀមខ្លួនជាមួយអ៊ីរ៉ង់ ឆ្លើយតបទៅនឹងការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់ក្នុងប្រទេសអ៊ីរ៉ាក់។ យន្តហោះប្រយុទ្ធ F-35A នីមួយៗមានតម្លៃប្រហែល ៨៩.២លានដុល្លារ ហើយសហរដ្ឋអាមេរិកបានទទួលយន្តហោះ F-35A លើកដំបូងរបស់ខ្លួននៅឯមូលដ្ឋានទ័ពអាកាស Hill កាលពី ៤ឆ្នាំមុន។ ចាប់តាំងពីពេលនោះមកក្រុមប្រតិបត្តិការបានបណ្តុះបណ្តាលអ្នកបើកយន្តហោះ ដោយចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំជាច្រើន និងគាំទ្រដល់ការដាក់ពង្រាយនៅមជ្ឈឹមបូព៌ាចំនួន ២ ទៀតផង។ អាមេរិកក៏បានបញ្ជាក់ដែរថា នេះគ្រាន់តែជាការចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធ F-35A ប្រកបដោយចីរភាព ហើយយើងនឹងនៅតែផ្តោតការយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនគ្រប់ពេល និងគ្រប់ទីកន្លែងដែលយើងត្រូវការ៕











អត្ថបទ៖ លីដា