ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ប្រកាសប្តូរផ្លូវហោះហើរឱ្យឆ្ងាយពីដែនអាកាសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ បន្ទាប់ពីមានការធ្លាក់យន្តហោះនៅជិតរដ្ឋធានីអ៊ីរ៉ង់

    BY autoadmin January 8, 2020
    ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ប្រកាសប្តូរផ្លូវហោះហើរឱ្យឆ្ងាយពីដែនអាកាសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ បន្ទាប់ពីមានការធ្លាក់យន្តហោះនៅជិតរដ្ឋធានីអ៊ីរ៉ង់

    ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនបានប្រកាសនៅថ្ងៃពុធនេះថា ពួកគេកំពុងប្តូរផ្លូវហោះហើរឡើងវិញ ដើម្បីចៀសឱ្យឆ្ងាយពីដែនអាកាសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ក្រោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកពីកុំឱ្យហោះហើរកាត់តំបន់នោះ បន្ទាប់ពីមានការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។ យោធាសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាង ១០គ្រាប់ ចេញពីទឹកដីអ៊ីរ៉ង់ ប្រឆាំងនឹងមូលដ្ឋានយោធានៅអ៊ីរ៉ាក់យ៉ាងតិចពីរកន្លែង ដែលផ្ទុកដោយបុគ្គលិកចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។

    FAA បាននិយាយថា ខ្លួនបានចេញការហាមឃាត់ដែនអាកាស ដែលរួមបញ្ចូលឈូងសមុទ្រអូម៉ង់ និងដែនទឹករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ដោយសារសកម្មភាពយោធាកើនឡើង និងភាពតានតឹងនយោបាយកើនឡើងនៅមជ្ឈឹមបូព៌ា ដែលបង្ហាញពីហានិភ័យមិនអាចចៀសបាន។ យោងតាមទិន្នន័យរបស់ FlightRadar24 ក្រុមហ៊ុនអាកាសចរណ៍មិនមែនអាមេរិកមួយចំនួនបានហោះហើរនៅផ្នែកខ្លះនៃប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅពេលនោះ ព្រោះថាពួកគេមិនត្រូវបានប៉ះពាល់ដោយផ្ទាល់ពីការហាមឃាត់របស់ FAA ទេ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុនដឹកជញ្ជូនបរទេសជាធម្មតាពិចារណាដំបូន្មានរបស់សហរដ្ឋអាមេរិកយ៉ាងប្រុងប្រយ័ត្ន នៅពេលសម្រេចចិត្តជ្រើសយកកន្លែងដែលត្រូវហោះហើរ។

    មុនការណែនាំចុងក្រោយនេះ FAA ក៏បានហាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកហោះហើរក្រោមកម្ពស់ ២៦,០០០ហ្វីត (៧.៩គីឡូម៉ែត្រពីដី) កាត់តាមអ៊ីរ៉ាក់ និងកាត់តាមតំបន់ដែនអាកាសអ៊ីរ៉ង់ នៅលើឈូងសមុទ្រ និងឈូងសមុទ្រអូម៉ង់ ចាប់តាំងពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកកាលពីខែមិថុនា។ ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះកំពុងចាត់វិធានការកាន់តែខ្លាំងឡើង ដើម្បីកំណត់ការគំរាមកំហែងដល់យន្តហោះរបស់ពួកគេ បន្ទាប់ពីជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់កាលពីឆ្នាំ២០១៤ ដោយមីស៊ីលផ្លោងបាញ់ចូលប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សទាំងអស់ ២៩៨នាក់ នៅលើយន្តហោះ៕

    អត្ថបទ៖ លីដា

    Share This Post: