រន្ធត់ណាស់! ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្រោយយន្តហោះរបស់អ៊ុយក្រែនបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយគ្មានអ្នកដំណើរណាម្នាក់នៅរស់រានមានជីវិតនោះទេ
យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង ដែលមានអ្នកដំណើរ និងបុគ្គលិកលើយន្តហោះទាំងអស់ចំនួន ១៧៦នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ក្រុងតេអេរ៉ង់កាលពីព្រឹកថ្ងៃពុធនេះ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា អ្នកជិះទាំងអស់ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់ គឺត្រូវស្លាប់ទាំងអស់នៅក្នុងហេុការណ៍នោះ។ បើយោងតាមសារព័ត៌មានបានបញ្ជាក់ថា យន្តហោះនោះជាប្រភេទ Boeing 737-800 បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងមិនបានប៉ុន្មាន នៅជិតខេត្តផារ៉ាន់ ដែលជាយក្រុងភាគនិរតី នៃរដ្ឋធានីតេអេរ៉ង់។

អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនអ៊ីរ៉ង់លោក Qassem Biniaz បាននិយាយថា យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini ហើយក្រោយមកគេបានឃើញមានភ្លើងឆាបឆេះម៉ាស៊ីនរបស់វា។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់រដ្ឋបាននិយាយថា អ្នកបើកយន្តហោះបានបាត់បង់ការគ្រប់គ្រងលើយន្ដហោះ ហើយទីបំផុតវាក៏ត្រូវធ្លាក់ចុះដល់ដី។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមក៏បានបង្ហាញថា មិនមានអ្នកនៅរស់រានមានជីវិតឡើយ។
សារព័ត៌មាន Associated Press ដែលទៅដល់កន្លែងធ្លាក់យន្តហោះ បានឃើញយន្តហោះធ្លាក់ទៅវាលដ៏ធំមួយ ខណៈសាកសពជនរងគ្រោះ និងសំណល់បែកបាក់របស់យន្តហោះរាយប៉ាយពាសពេញដី ហើយក្រុមអ្នកជួយសង្គ្រោះក៏កំពុងតែប្រមូលសាកសពទាំងនោះ។ យោងតាម Flighradar24 បានឱ្យដឹងថា ជើងហោះហើរលេខ 752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវគ្រោងនឹងចេញដំណើរនៅម៉ោង ៥ និង ១៥នាទីព្រឹក ម៉ោងតេហេរ៉ង់ ចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់រដ្ឋធានីគ្យូវ (Kyiv) របស់អ៊ុយក្រែន៕












អត្ថបទ៖ លីដា