អាមេរិកមិនតដៃជាមួយនឹងមីស៊ីលទាំង ១៦គ្រាប់ របស់អ៊ីរ៉ង់កាលពីម្សិលមិញនោះទេ…ព្រោះវាមិនចាំបាច់
ថ្លែងចេញពីសេតវិមានឆ្លើយតបចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ចូលទៅមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ លោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកមានយោធាដែលមានឥទ្ធិពល និងសាហាវ ប៉ុន្តែវាមិនមានន័យថាពួកគេនឹងប្រើវានោះទេបើមិនចាំបាច់។ លោកបាននិយាយថា៖«យើងមិនរងគ្រោះថ្នាក់ទេ។ ទាហានរបស់យើងទាំងអស់មានសុវត្ថិភាព។ មានតែការខូចខាតតិចតួចប៉ុណ្ណោះនៅក្នុងមូលដ្ឋានយោធារបស់យើង។ កងទ័ពអាមេរិកដ៏អស្ចារ្យរបស់យើងបានរៀបចំខ្លួនហើយស្រាប់។ អ៊ីរ៉ង់ហាក់ដូចជាកំពុងបន្ថយដៃទៅវិញដែលនេះជារឿងល្អសម្រាប់គ្រប់ភាគីទាំងអស់ និងជារឿងល្អណាស់សម្រាប់ពិភពលោក»។

លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនៅតែវាយតម្លៃពីរបៀបឆ្លើយតបចំពោះការឈ្លានពានរបស់អ៊ីរ៉ង់។ ប៉ុន្តែលោកថា អាមេរិកនឹងដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចជាបន្ទាន់។ លោកក៏បាននិយាយផងដែរថា លោកនឹងស្នើសុំឱ្យ NATO ចូលរួមកាន់តែច្រើននៅក្នុងដំណើរការនៅមជ្ឈឹមបូព៌ា។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper មានប្រសាសន៍ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី ១៦គ្រាប់ ត្រូវបានបាញ់ចេញពីទីតាំងយ៉ាងតិច ៣ នៅអ៊ីរ៉ង់។ មីស៊ីលចំនួន ១១គ្រាប់ បានវាយប្រហារមូលដ្ឋានទ័ពអាកាស Ain al-Assad នៅភាគខាងលិចអ៊ីរ៉ាក់ និងមួយគ្រាប់ទៀតបានវាយប្រហារមូលដ្ឋាននៅ Arbil ដែលស្ថិតនៅក្នុងតំបន់ស្វយ័តឃឺដ។
អ៊ីរ៉ង់និយាយថា ការវាយប្រហារគឺជាការសងសឹកចំពោះអាមេរិកដែលបានសម្លាប់លោក Qassem Soleimani ។ មេបញ្ជាការយោធាកំពូលបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃសុក្រសប្តាហ៍មុននៅទីក្រុងបាកដាត។ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ Ayatollah Ali Khamenei កំពុងសន្យាសងសឹកបន្ថែមទៀត ហើយកំពុងអំពាវនាវឱ្យទាហានអាមេរិកចាកចេញពីតំបន់នេះ។ លោកក៏បានច្រានចោលការបន្តកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ផងដែរ៕



អត្ថបទ៖ លីដា