រកឃើញប្រអប់ខ្មៅរបស់យន្តហោះធ្លាក់ថ្ងៃមុនហើយ តែអ៊ីរ៉ង់មិនព្រមប្រគល់ឱ្យក្រុមហ៊ុន Boeing ឬអាមេរិកស៊ើបអង្កេតឡើយ
ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅថតទិន្នន័យយន្តហោះអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រលប់ទៅក្រុមហ៊ុនផលិតយន្ដហោះ Boeing ឬសហរដ្ឋអាមេរិកទេ។ ថ្លែងទៅកាន់ភ្នាក់ងារសារព័ត៌មាន Mehr ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់លោក Ali Abedzadeh បាននិយាយថា ប្រអប់ខ្មៅនឹងត្រូវបានស៊ើបអង្កេតនៅក្នុងប្រទេសអ៊ីរ៉ង ព្រោះហេតុការណ៍នេះកើតនៅអ៊ីរ៉ង់ ដែលវាស្របតាមច្បាប់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ICAO ។ លោកបានបន្ថែមថា អ្នកស៊ើបអង្កេតអ៊ុយក្រែននឹងក្លាយជាផ្នែកមួយនៃដំណើរការនេះ។ ប៉ុន្តែលោក Ali Abedzadeh បានច្រានចោលការពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក នៅក្នុងដំណាក់កាលណាមួយនៃការស៊ើបអង្កេត។

លោកបានមានប្រសាសន៍ថា៖ «យើងនឹងមិនផ្តល់ប្រអប់ខ្មៅទៅឱ្យក្រុមហ៊ុនផលិតយន្តហោះ [Boeing] ឬអាមេរិកទេ»។ ដោយមិនបានបញ្ជាក់ឱ្យបានវែងឆ្ងាយអំពីគ្រោះថ្នាក់នេះ ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់បានបង្ហាញថា ពីឡុតអ្នកបើកយន្តហោះមិនបានទាក់ទងមកខាងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអំពីបញ្ហាយន្តហោះនោះទេ។ ប៉ុន្តែលោកបានបន្ថែមថា៖ «មូលហេតុនៃគ្រោះថ្នាក់នេះនឹងមិនត្រូវបានរកឃើញ ឬប្រកាសទេ រហូតទាល់តែប្រអប់ខ្មៅត្រូវបានវិភាគ»។
នៅក្នុងហេតុការណ៍នោះធ្លាក់យន្តហោះស្លាប់អ្នកដំណើរទាំងអស់ ១៧៦នាក់នោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Vadym Prystaiko បាននិយាយថា មានជនជាតិអ៊ីរ៉ង់ ៨២នាក់ ជនជាតិកាណាដា ៦៣នាក់ និងជនជាតិអ៊ុយក្រែនចំនួន ១១នាក់ នៅលើយន្តហោះ។ ជនជាតិអ៊ុយក្រែនរួមមាន៖ អ្នកដំណើរ ២នាក់ និងអាកាសយានិកចំនួន ៩នាក់។ លោកបាននិយាយថា ក៏មានអ្នកដំណើរជនជាតិស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ៤នាក់, អាល្លឺម៉ង់ ៣នាក់ និងជនជាតិអង់គ្លេស ៣នាក់ផងដែរ។ ហើយខណៈពេលនេះនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ស្បថថានឹងស្វែងរកការពិតឱ្យទាល់តែបាន៕





អត្ថបទ៖ លីដា