បែកគ្នាជាមួយសង្សារ ហើយត្រូវគ្រួសារខាងប្រុសមើលងាយ ដោយសារក្រីក្រ ចុងក្រោយនារីម្នាក់នេះតស៊ូព្យាយាមរហូតសល់លុយទិញផ្ទះ ទិញឡាន និងមានលុយចាយពេញដៃ
ម៉ាឡេស៊ី៖ ពីមនុស្សម្នាក់ដែលត្រូវបានគ្រួសារខាងមិត្តប្រុសមើលងាយ និងរើសអើង ព្រោះតែភាពក្រីក្រនោះ ស្រ្តីម៉ាឡេស៊ីម្នាក់បានព្យាយាមធ្វើការងារសន្សំលុយរហូតក្លាយជាអ្នកមាន និងធ្វើឲ្យមនុស្សដែលធ្លាប់មើលងាយនាងស្តាយក្រោយយ៉ាងខ្លាំងទៀតផង។ ស្ត្រីជោគជ័យរូបនេះមានឈ្មោះ Romiza Roman ហើយនាងបានចែករំលែករឿងរ៉ាវជីវិតរបស់នាងតាមបណ្តាញសង្គមថា៖ នាងបានផ្ដើមស្រលាញ់គ្នាជាមួយនឹងបុរសម្នាក់តាំងពីនៅរៀនថ្នាក់វិទ្យាល័យ ហើយស្នេហារបស់នាងមិនទទួលបានការគាំទ្រពីសំណាក់គ្រួសារខាងប្រុសឡើយព្រោះរូបនាងជាអ្នកក្រ។ បើទោះជាយ៉ាងនេះក្តី នាងនៅតែបន្តស្រលាញ់ជាធម្មតា ហើយនាងនិងមិត្តប្រុសមានក្តីស្រមៃរួមមួយគឺប្រឹងរៀនឲ្យចប់ថ្នាក់មហាវិទ្យាល័យ ដើម្បីរកការងារល្អធ្វើ មានប្រាក់ទិញផ្ទះ និងរថយន្តខ្លួនឯង ដោយមិនចាំបាច់ពឹងឪពុកម្តាយខាងណាឡើយ។
យ៉ាងណាក្តី ក្នុងអំឡុងពេលនាងរៀនថ្នាក់មហាវិទ្យាល័យនោះ រឿងរ៉ាវបានប្រែប្រួលមិនដូចការរំពឹងទុកឡើយ ដោយមិត្តប្រុសរបស់នាងមានទំនោរចាយលុយខ្ជះខ្ជាយរហូតមកពេលខ្លះមកបង្ខំសុំលុយពីនាង ដែលជានិស្សិតគ្មានការងារធ្វើទៀតផង។ ចំណែកឯខាងគ្រួសារមិត្តប្រុសនាងវិញ កាន់តែស្អប់នាងខ្លាំងឡើងៗ និងព្យាយាមរកគ្រប់វិធីឲ្យពួកនាងបែកគ្នា ដើម្បីឲ្យមិត្តប្រុសនាងទៅទាក់ទងជាមួយនឹងស្រី្តជាកូនអ្នកមានផ្សេងម្នាក់ទៀត។ ស្ថិតក្នុងស្ថានភាពនេះនាងក៏សុខចិត្តចែកផ្លូវគ្នាជាមួយមិត្តប្រុស តែនាងមិនបាក់ទឹកចិត្តឡើយហើយផ្ទុយទៅវិញនាងខំប្រឹងប្រែងតស៊ូគ្រប់បែបយ៉ាងលើសដើម។ ៥ ឆ្នាំ ក្រោយពីការបែកគ្នាជាមួយមិត្តប្រុស ពេលនេះនាងមានលទ្ធភាពទិញផ្ទះ ទិញរថយន្តទំនើបតម្លៃជិត ៦ ម៉ឺនដុល្លារ និងប្រើប្រាស់សម្ភារៈថ្លៃៗពេញខ្លួន។ ក្រោយពីបានឃើញនាងរស់នៅក្នុងជីវិតល្អប្រសើរដូចនេះ អតីមិត្តប្រុសនាងបានសុំនាងត្រូវគ្នាវិញផងដែរ តែនាងមិនយល់ព្រមនោះទេ៕


អត្ថបទ៖ ភក្តី
