ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាំងអាមេរិក កាណាដា និងអង់គ្លេស សុទ្ធតែជឿជាក់ថាអ៊ីរ៉ង់ជាអ្នកបាញ់មីស៊ីលទៅលើយន្តហោះរបស់អ៊ុយក្រែន

    BY autoadmin January 10, 2020
    ទាំងអាមេរិក កាណាដា និងអង់គ្លេស សុទ្ធតែជឿជាក់ថាអ៊ីរ៉ង់ជាអ្នកបាញ់មីស៊ីលទៅលើយន្តហោះរបស់អ៊ុយក្រែន

    មានភស្តុតាងបង្ហាញថា មីស៊ីលអ៊ីរ៉ង់បានទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ដែលបានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ហើយវាអាចបណ្ដាលមកពីបញ្ហាបាញ់ច្រឡំ នេះបើតាមប្រភពព័ត៌មាន BBC ។ ជាក់ស្ដែងបន្ទាប់ពីបានទទួលដំណឹងដ៏គួរឱ្យសោកសៅនេះ មេដឹកនាំធំៗរួមមានកាណាដា លោក Justin Trudeau និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏ដូចជាមេដឹកនាំអ៊ុយក្រែនផ្ទាល់ សុទ្ធតែបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញ និងហ្មត់ចត់លើការធ្លាក់នេះ។ រំលឹកដែរថាយន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិតេអេរ៉ង់ និងបានសម្លាប់អ្នកដំណើរសរុបទាំងអស់ ១៧៦នាក់។ ដំបូងឡើងក៏មានការសង្ស័យដែរថា អ៊ីរ៉ង់ទំនងជាបានបាញ់មីស៊ីលលើយន្តហោះរបស់អ៊ុយក្រែន ប៉ុន្តែខាងអ៊ីរ៉ង់បានច្រានចោលមន្ទិលនេះ។

    រំលឹកដែរថាការធ្លាក់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានអាកាសចំនួន ២ ដែលជាទីតាំងរបស់កងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានធ្វើការសន្និដ្ឋានថា ពេលវេលានៃការធ្លាក់យន្តហោះនេះបង្ហាញថា យន្ដហោះអាចត្រូវបានគេបាញ់ច្រឡំថាជាយន្តហោះចម្បាំងរបស់អាមេរិក នៅពេលដែលអ៊ីរ៉ង់បានត្រៀមសម្រាប់ការសងសឹកលើអាមេរិកចំពោះការស្លាប់របស់លោក Qasem Soleimani ។ ជាក់ស្ដែងមេដឹកនាំកាណាដាលោក Justin Trudeau ក៏បាននិយាយដែរថា៖ «យើងមានអ្នកស៊ើបអង្កេតពីប្រភពជាច្រើន រួមទាំងសម្ព័ន្ធមិត្ត និងអ្នកស៊ើបផ្ទាល់ខ្លួនរបស់យើង។ ភ័ស្តុតាងបង្ហាញថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដោយអ៊ីរ៉ង់»។ សូម្បីតែលោក Boris Johnson និងលោក Donald Trump ផ្ទាល់សុទ្ធតែនិយាយដូចៗគ្នាថា អ៊ីរ៉ង់បាញ់មីស៊ីលច្រឡំ៕

    អត្ថបទ៖ លីដា

    Share This Post: