ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តអាមេរិក ទទួលការស្វាគមន៍ជាមួយនឹងការទះដៃអបអរយ៉ាងកក់ក្ដៅ ពេលទៅដល់ព្រលានយន្តហោះអូស្ត្រាលី

    BY autoadmin January 10, 2020
    ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តអាមេរិក ទទួលការស្វាគមន៍ជាមួយនឹងការទះដៃអបអរយ៉ាងកក់ក្ដៅ ពេលទៅដល់ព្រលានយន្តហោះអូស្ត្រាលី

    ក្រុមអ្នកពន្លត់អគ្គីភ័យអាមេរិកត្រូវបានស្វាគមន៍ដោយការទះដៃ និងអបអរសាទរ នៅឯអាកាសយានដ្ឋានស៊ីដនីប្រទេសអូស្ត្រាលី កាលពីពេលប៉ុន្មានថ្ងៃមុននេះ នៅពេលដែលពួកគេបានមកដល់ព្រលាន ចេញពីកន្លែងឆែកចេញជាមួយឧបករណ៍ត្រៀមបម្រុង សម្រាប់ជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងរាលដាលយ៉ាងខ្លាំងក្លា។ កាលពីថ្ងៃព្រហស្បតិ៍លោក Shane Fitzsimmons ស្នងការទទួលបន្ទុកសេវាកម្មអគ្គីភ័យជនបទ New South Wales បានចែករំលែកវីដេអូយ៉ាងរំជើបរំជួលចិត្តនេះនៅលើ Twitter ហើយវាក៏ត្រូវបានគេបង្ហោះបន្តតាមបណ្ដាញសង្គមផ្សេងៗជាហូរហែ។

    នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០១០ ដែលសហរដ្ឋអាមេរិកបានបញ្ជូនអ្នកពន្លត់អគ្គិភ័យទៅជួយអូស្ត្រាលីប្រយុទ្ធនឹងភ្លើងឆេះព្រៃ។ ទីភ្នាក់ងាររដ្ឋាភិបាលសម្របសម្រួលអ្នកពន្លត់អគ្គីភ័យអាមេរិកទៅអូស្ត្រាលីបានប្រាប់កាសែត Los Angeles Times ថាអ្នកពន្លត់អគ្គិភ័យប្រហែល ១០០នាក់ ត្រូវបានបញ្ជូននៅក្នុងខែធ្នូ ហើយនៅដើមខែមករានេះគឺមាន ៥០ ទៅ ៦០នាក់ទៀត កំពុងនឹងបញ្ជូនមកផងដែរ។ ប្រទេសកាណាដាក៏បានបញ្ជូនក្រុមពន្លត់អគ្គីភ័យទៅប្រទេសអូស្ត្រាលីជាលើកដំបូងដែរ។ អ្នកពន្លត់អគ្គីភ័យទាំងនោះក៏ត្រូវបានទទួលការអបអរសាទរនៅឯព្រលានយន្តហោះ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន New York Times Australia នៅកន្លែងកើតហេតុ។

    ការប៉ាន់ប្រមាណបាននិយាយថា ភ្លើងឆេះព្រៃនៅអូស្រ្តាលីនឹងធ្វើឱ្យសត្វជាង ១ពាន់លានក្បាលងាប់ ហើយនឹងបង្កឱ្យបាត់បង់ទីជម្រកសំខាន់ៗរបស់សត្វកូឡា ចំនួន ៣០% នៅរដ្ឋញូវសៅវែល និងមួយភាគបីនៃចំនួនសត្វនៅក្នុងតំបន់នោះ។ អគ្គិភ័យនេះបានបណ្តាលឱ្យមនុស្ស ២៥នាក់ស្លាប់ផងដែរ ហើយបណ្តាលឱ្យខូចខាត និងបំផ្លាញផ្ទះជាង ២,០០០ខ្នង៕

    អត្ថបទ៖ លីដា

    Share This Post: