ដំណឹងល្អសម្រាប់អ្នក Single! មហាសេដ្ឋីជប៉ុនម្នាក់ប្រកាសរើសមិត្តស្រី ដើម្បីទៅដើរលេងឋានព្រះច័ន្ទជាមួយគ្នា
ជប៉ុន៖ មហាសេដ្ឋីជនជាតិជប៉ុនម្នាក់បានប្រកាសជ្រើសរើសមនុស្សស្រីម្នាក់ ដើម្បីធ្វើជាគូស្នេហ៍ និងរួមដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទជាមួយគាត់។ មហាសេដ្ឋីរូបនេះមានឈ្មោះថា Yusaku Maezawa អាយុ ៤៤ឆ្នាំ ហើយរូបលោកមានគម្រោងធ្វើដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ យ៉ាងណាក្តី គាត់បានឲ្យដឹងថា វាពិតជាឯកាណាស់ដែលគាត់ត្រូវទៅលេងនៅឋានព្រះច័ន្ទតែម្នាក់ឯងនោះ ព្រោះរហូតមកទល់នឹងពេលនេះគាត់នៅមិនទាន់មានគូស្នេហ៍នៅឡើយទេ ដូចនេះហើយទើបគាត់ត្រូវការមនុស្សស្រីម្នាក់ដើម្បីទៅដើរលេងជាមួយគាត់និងធ្វើជាគូស្នេហ៍របស់គាត់តែម្តង។

តាមសេចក្តីប្រកាសផ្លូវការរបស់គាត់បានបញ្ជាក់ថា ស្រ្តីណាដែលចាប់អារម្មណ៍ចង់ធ្វើជាគូសេ្នហ៍របស់គាត់អាចដាក់ពាក្យបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៧ ខែមករា ហើយរូបគាត់នឹងធ្វើការពិនិត្យ និងជ្រើសរើសមនុស្សស្រីម្នាក់ដោយខ្លួនគាត់ ខណៈការសម្រេចចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការនៅចុងខែមីនាខាងមុខនេះ។ សូមបញ្ជាក់ថា លោក Yusaku Maezawa ជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសជប៉ុនហើយរូបលោកត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបប្រមាណជា ៣,៦ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី