កំហុសទាំង៥យ៉ាង ដែលយើងតែងតែធ្វើនៅពេលប្រើស្មាតហ្វូន
សម័យបច្ចុប្បន្ននេះគឺវាពិបាកណាស់ ក្នុងការហាមឃាត់មិនឱ្យគ្រប់គ្នាប្រើប្រាស់ស្វាតហ្វូត។ ពោលគឺស្ទើរតែគ្រប់ពេលវេលាទាំងអស់ដែលពួកយើងចុចវា ឬសូម្បីតែកំពុងអង្គុយបរិភោគអាហារក៏ឆ្លៀតដែរ និងឈប់តែពេលបិទភ្នែកគេងតែប៉ុណ្ណោះ។ ស្មាតហ្វូនវាល្អសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការចាំបាច់ ប៉ុន្តែទន្ទឹមនឹងនេះវាមិនល្អនោះទេបើយើងប្រើវាច្រើនពេក ហើយពេលខ្លះយើងកំពុងបង្កើនកំហុសនៅពេលដែលប្រើវាទៀតផង។ ការពិតយើងក៏ធ្លាប់ដឹងដែរថា ស្មាតហ្វូនធ្វើឱ្យអ្នកខ្លះចេញឆ្ងាយពីពិភពខាងក្រៅ រំខានការគេង ហើយវាប៉ះពាល់ខ្លាំងណាស់ពេលនៅក្បែរមនុស្ស។ យ៉ាងណាមិញខាងក្រោមនេះជាកំហុសមួយចំនួន ដែលយើងតែងតែធ្វើនៅពេលចាប់កាន់ស្មាតហ្វូន៖
១. គេងនៅជិតស្មាតហ្វូន៖ ស្មាតហ្វូនចល័តគឺជាមូលដ្ឋានបញ្ជូន និងទទួលអេឡិចត្រូម៉ាញេទិក អីចឹងវាមានន័យថាវាបញ្ចេញរលកវិទ្យុសកម្ម។ ទោះបីគ្មានការអះអាងថា វាប៉ះពាល់កម្រិតណា ឬក្រុមហ៊ុនផលិតទាំងនោះអះអាងថាសុវត្ថិភាពប៉ុនណា ចូរព្យាយាមការពារឱ្យប្រសើរជាងព្យាបាល។ ប្រសិនបើយើងទប់ចិត្តមិនអាចបិទទូរស័ព្ទទាំងស្រុងចោលនៅពេលគេង គួរតែមានទម្លាប់ដាក់ Airplane Mode ដើម្បីកាត់បន្ថយផលប៉ះពាល់។

២. មើលទៅពន្លឺពណ៌ខៀវចេញពីស្មាតហ្វូនយូរពេក៖ ពន្លឺចេញពីអេក្រង់របស់អ្នកអាចទប់ស្កាត់មេឡាតូនីន (Melatonin) ដែលជាអរម៉ូនដែលគ្រប់គ្រងវដ្តនៃការគេងរបស់អ្នក ដែលជាហេតុផលមួយទៀតដែលអ្នកមិនគួរនៅក្បែរវានៅពេលអ្នកគេង។ ពន្លឺពណ៌ខៀវក៏បណ្តាលឱ្យឈឺក្បាល និងបញ្ហាភ្នែក និងបញ្ហាការមើលឃើញ។ ព្យាយាមកំណត់កម្រិតពន្លឺឡើងវិញនៅលើទូរស័ព្ទរបស់អ្នក ហើយបើក blue light filter កាត់បន្ថយពន្លឺពណ៌ខៀវនេះ។

៣. ប្រើប្រាស់ជាមួយនឹងសេវាទាប៖ នៅពេលអ្នកឃើញស្មាតហ្វូនមានសេវាខ្សោយ វាមានន័យថាទូរស័ព្ទរបស់អ្នកកំពុងទាញសេវាខ្លាំងជាងមុនក្នុងនាមជាអ្នកបញ្ជូន ដូច្នេះកម្លាំងពីស្មាតហ្វូនកាន់តែខ្លាំង ផលប៉ះពាល់ពីវាក៏កាន់តែខ្លាំង។

៤. កុំទុកវាជាប់ផ្ទាល់នឹងខ្លួន៖ មានការសិក្សាជាច្រើនដែលផ្តោតលើការផ្សារភ្ជាប់គ្នារវាងទូរស័ព្ទចល័ត និងជំងឺមហារីក ជាពិសេសសេវាបញ្ជូនរបស់ពួកវា ដែលមានប្រហែល 900 MHz ដែលធ្វើឱ្យទូរស័ព្ទរបស់អ្នកក្តៅ។ ស្បែករបស់អ្នកស្រូបយកកម្ដៅបានយ៉ាងងាយបន្តិចម្ដងៗ រាល់ពេលដែលអ្នករក្សាវានៅជិតខ្លួនអ្នក។

៥. មើលទៅអេក្រង់ក្នុងឥរិយាបថមិនល្អ៖ វាជាការពិតដែលគេដឹងថាការប្រើទូរស័ព្ទចល័តបណ្តាលឱ្យរងរបួសមេដៃ ដូច tenosynovitis ។ មានស្ថានភាពសុខភាពរបស់ទូរស័ព្ទដៃមួយផ្សេងទៀត ត្រូវបានគេហៅថា “text neck” ដែលដូចនឹងឈ្មោះបានបង្ហាញ គឺនៅពេលអ្នកពត់ករបស់អ្នកទៅមុខដើម្បីមើលអេក្រង់ ភាពតានតឹងលើឆ្អឹងខ្នង ឬក របស់អ្នកកើនឡើងជាលំដាប់៕

អត្ថបទ៖ លីដា