ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បរិច្ចាគទឹកប្រាក់ ៦៩០,០០០ដុល្លារអាមេរិក ក្នុងការចូលរួមចំណែកជួយប្រទេសអូស្ត្រាលី
លោក Jeff Bezos ចង់ឱ្យបុគ្គលិកក្រុមហ៊ុន Amazon ចូលរួមចំណែកក្នុងការជួយប្រទេសអូស្ត្រាលី ឱ្យរួចផុតពីភ្លើងឆេះព្រៃដែលកំពុងបានបំផ្លាញប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក Bezos បាននិយាយនៅក្នុងការបង្ហោះនៅលើទំព័រ Instagram កាលពីល្ងាចថ្ងៃសៅរ៍ថា ក្រុមហ៊ុន Amazon នឹងបរិច្ចាគប្រាក់ចំនួន ១លានដុល្លារអូស្រ្តាលី (ប្រហែល ៦៩០,០០០ដុល្លារអាមេរិក) ជា «សំភារៈ និងសេវាកម្មដែលត្រូវការ» ដើម្បីជួយប្រទេសអូស្ត្រាលីឱ្យរួចផុតពីអគ្គិភ័យដ៏សាហាវនេះ។

យោងតាមការប៉ាន់ស្មានខ្លះថា អគ្គីភ័យបានឆក់យកដីជាង ២៥លានអាក្រេ, ស្លាប់មនុស្សចំនួន ២៧នាក់ និងបានសម្លាប់សត្វជិត ១ពាន់លានក្បាល ចាប់តាំងពីវាចាប់ផ្តើម។ អគ្គីភ័យបានចាប់ផ្តើមដោយសារតែលក្ខខណ្ឌក្តៅ និងស្ងួតហួតហែងពេក ក៏ព្រោះតែប្រទេសនេះបានឆ្លងកាត់រដូវក្តៅហើយស្ងួតបំផុត ជាកំណត់ត្រាក្នុងឆ្នាំ២០១៩ ហើយថ្ងៃទី១៨ ខែធ្នូ គឺជាថ្ងៃដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ដោយមានសីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសលើសពី ១០៥ ហ្វារិនហីត (៤០អង្សាសេ)៕





អត្ថបទ៖ លីដា