ភ្ញៀវទេសចរម្នាក់ ដែលថៃសង្ស័យថា ឆ្លងជំងឺចម្លែកពីចិននោះ ពេលនេះដឹងច្បាស់ហើយ ពិតជាមានផ្ទុកវីរុសនោះពិតមែន
មន្ត្រីសុខាភិបាលថៃបានឱ្យដឹងនៅថ្ងៃច័ន្ទថា ភ្ញៀវទេសចរចិនម្នាក់ដែលបានមកកាន់ប្រទេសថៃ និងចុះចតនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេបញ្ជាក់ថា បានឆ្លងវីរុសក្រុម coronavirus ដែលកំពុងមានការផ្ទុះឡើងនៅប្រទេសចិនពិតមែន។ រំលឹកដែរថា អ្នកដំណើរចិនម្នាក់នោះគឺមកពីទីក្រុង Wuhan ប្រទេសចិន (ជាទីក្រុងដែលមានការផ្ទុះឡើងផ្ទាល់) ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យកាលពីអាទិត្យមុន។ វីរុសនេះបានផ្ទុះឡើងចេញពីផ្សារលក់សាច់ និងគ្រឿងសមុទ្រមួយកន្លែង ហើយពេលនេះផ្សារមួយនោះក៏កំពុងបិទទ្វារចោលផងដែរ។

កាសែតបាងកកប៉ុស្តិ៍ និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀតបានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃលោក Anutin Charnvirakul បាននិយាយថា វាហាក់ដូចជាករណីដំបូងរបស់វីរុសនេះនៅក្នុងប្រទេសថៃ ក៏ដូចជាដំបូងនៅខាងក្រៅប្រទេសចិន។ ស្ត្រីទេសចរដែលឆ្លងជំងឺនេះជាស្ត្រីអាយុ ៦១ឆ្នាំ ដែលគាត់មានរោគសញ្ញាគ្រុន នៅពេលមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកកកាលពីថ្ងៃពុធ។ គាត់បានទទួលការព្យាបាលនៅឯមណ្ឌលសុខភាពរដ្ឋ នៅខាងក្រៅទីក្រុងបាងកក ហើយពេលនេះលែងមានគ្រុនក្តៅ ឬរោគសញ្ញាផ្លូវដង្ហើមទៀតហើយ៕

អត្ថបទ៖ លីដា