ក្រុមហ៊ុន Airbus បង្ហាញយន្តហោះដឹកទំនិញថ្មីរបស់ខ្លួន ដែលមានរូបរាងដូចត្រីបាឡែនសយ៉ាងគួរឱ្យស្រឡាញ់
Airbus Beluga XL គឺជាយន្តហោះដឹកទំនិញ និងដឹកជញ្ជូនដ៏ធំមួយ ដែលមានរូបរាងប្រហាក់ប្រហែលនឹងត្រីបាឡែនស Beluga ហើយឥឡូវនេះវាកំពុងបម្រើសេវាកម្មជាផ្លូវការ។ យន្តហោះនេះធ្លាប់មានប្រតិបត្តិការហោះហើរលើកដំបូងរបស់ខ្លួននៅថ្ងៃទី០៩ ខែមករា ហើយនឹងជំនួសតំណែងយន្តហោះ Airbus Beluga ដែលជាម៉ូដែលចាស់។ Beluga XL មានសមត្ថភាពខ្ពស់ជាង Beluga ដែលមានស្រាប់ ៣០% និងវាមានប្រវែង ២០៧ហ្វីត ហើយទម្ងន់ត្រឹមតែ ២៨១,០០០ផោន ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាសម្រាប់តម្លៃរបស់វានៅមិនទាន់ច្បាស់នៅឡើយ។

Beluga XL ដែលជាអ្នកស្នងតំណែង Airbus A300-600ST (Beluga ST) បានភ្ជាប់មកជាមួយឥរិយាបថដូចត្រីបាឡែនស ក៏ដូចជាមានលម្អធ្វើជាគ្រាប់ភ្នែក និងស្នាមញញឹមផងដែរ។ យន្តហោះដំបូងនេះ គឺជាយន្តហោះទីមួយ ក្នុងចំណោម ៦ ដែលនឹងចូលបម្រើសេវាកម្មពេញលេញនៅចន្លោះឆ្នាំ២០២០ និង ២០២៣ ។ តែគួរឱ្យស្ដាយបន្តិច វានៅមិនទាន់អាចធ្វើជាយានដឹកជញ្ជូនអ្នកដំណើរនៅឡើយទេ ពីព្រោះយន្តហោះនេះ គឺសម្រាប់តែទំនិញប៉ុណ្ណោះ៕

អត្ថបទ៖ លីដា