សហរដ្ឋអាមេរិក និងចិន ចុះហត្ថលេខាជាស្ថាពរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុង «ដំណាក់កាលទី១»
សហរដ្ឋអាមេរិក និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុង «ដំណាក់កាលទី១» នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានចូលរួមពិធីចុះហត្ថលេខានៅឯសេតវិមាន។ ឯកសារមួយដែលចេញផ្សាយដោយសហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនត្រូវបង្កើនការទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក និងទំនិញ និងសេវាកម្មផ្សេងៗទៀត ដោយបញ្ចូលទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ វាត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា និងចៀសវាងការក្រឡុកអត្រាប្តូររូបិយប័ណ្ណ។

នៅក្នុងពិធីនោះលោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងបោះជំហានដ៏សំខាន់មួយ ដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន។ លោកបានមានប្រសាសន៍ថា ការចុះហត្ថលេខានេះគឺជាមធ្យោបាយមួយក្នុងការផ្តល់យុត្តិធម៌សេដ្ឋកិច្ចសម្រាប់កម្មករ និងកសិករអាមេរិក។ លោក Liu He បាននិយាយថា ប្រទេសទាំងពីរគួរតែដោះស្រាយភាពខុសគ្នារបស់ពួកគេពីទស្សនវិស័យទូលំទូលាយ ហើយកិច្ចព្រមព្រៀងដំណាក់កាលទី១ គឺល្អសម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងពិភពលោកផ្ទាល់។ ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយពន្ធបន្ថែមពាក់កណ្តាល ពីចំនួនពន្ធ ១៥% កាលពីឆ្នាំមុនលើការនាំចូលពីប្រទេសចិន ដែលមានតម្លៃ ១២០ពាន់លានដុល្លារ ផងដែរ៕



អត្ថបទ៖ លីដា