មនុស្ស ១០០នាក់បានស្លាប់ និងជាង ៤០នាក់បានរបួស ដោយសារអាកាសធាតុរដូវរងានៅប៉ាគីស្ថាន
ក្រុមមន្រ្តី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃពុធថា ក្នុងរយៈពេល ៤ថ្ងៃ ចុងក្រោយនេះ ប្រទេសប៉ាគីស្ថានបានឃើញចំនួនអ្នកស្លាប់ ដោយសារការធ្លាក់ព្រិល ការរអិលបាក់ដី និងឧប្បត្តិហេតុទាក់ទងនឹងភ្លៀង បានកើនឡើងដល់ ១០០នាក់។ ហើយកាលពីថ្ងៃចន្ទ មានមនុស្ស ៦៩នាក់ ត្រូវបានសម្លាប់ និងជាង ៤០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការរអិលផ្ទាំងទឹកកកទៅលើភូមិ Surgan ក្នុងតំបន់ភ្នំ Neelam Valley នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថានកាលពីល្ងាចថ្ងៃច័ន្ទ។

កាលពីថ្ងៃពុធនាយករដ្ឋមន្រ្តី Imran Khan បានទៅសួរសុខទុក្ខអ្នករងរបួស នៅឯមន្ទីរពេទ្យយោធាមួយ ក្នុងទីក្រុង Muzaffarabad រដ្ឋធានី Azad Kashmir ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ សម្រាប់ជនរងគ្រោះជាច្រើននាក់ទៀតដែលបាត់ខ្លួន។ អាជ្ញាធរភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត នៅពេលអ្នកជួយសង្គ្រោះបានជីកពំនូកភ្នំ ដើម្បីស្វែងរកអ្នកនៅរស់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មនុស្ស ៤២នាក់ បានរងរបួសផងដែរ ខណៈផ្ទះជាង ១០០ខ្នង, ហាងនានា និងវិហារអ៊ីស្លាមមួយ ត្រូវបានខូចខាតដោយសារការរអិលផ្ទាំងទឹកកក៕



អត្ថបទ៖ លីដា