មហាសេដ្ឋីជប៉ុនដែលប្រកាសរកសង្សារឡើងឋានព្រះច័ន្ទជាមួយគ្នា ពេលនេះទទួលបានការចុះឈ្មោះពីស្រីៗប្រមាណ ២០,០០០នាក់
រហូតមកដល់ពេលនេះមានអ្នកដាក់ពាក្យ ដើម្បីសុំធ្វើជាមិត្តស្រីរបស់សេដ្ឋីជប៉ុន Yusaku Maezawa បានចំនួន ២០,០០០នាក់ហើយ នេះបើតាមប្រភព AbemaTV បានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។ រំលឹកដែរថា មហាសេដ្ឋី Yusaku Maezawa ដែលមានអាយុ ៤៤ឆ្នាំរូបនេះ គាត់បានប្រកាសថាគាត់ត្រូវការដៃគូជីវិតម្នាក់ ហើយនារីនោះក៏នឹងមានឱកាសបានទៅឋានព្រះច័ន្ទជាមួយគាត់ផងដែរ។

សម្រាប់ពាក្យសុំធ្វើជាសង្សារវិញ វាក៏មានការរួមបញ្ជូលទាំង «ការធ្វើតេស្តនៃសេចក្តីស្រឡាញ់» ផងដែរ ដើម្បីសម្រេចថាម្នាក់នោះសមជាគូជីវិតរបស់លោកសេដ្ឋី Yusaku Maezawa ឬយ៉ាងណា។ គួរឱ្យដឹងដែរថា លោក Yusaku Maezawa គឺជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសជប៉ុន ហើយគាត់ក៏ទើបតែលក់ចេញក្រុមហ៊ុនម៉ូដ Zozo ទៅឱ្យ SoftBank Group កាលពីឆ្នាំមុន និងមានទ្រព្យសម្បត្តិប្រមាណជា ៣.៦ ពាន់លានដុល្លារអាមេរិក។
មិនត្រឹមតែប៉ុណ្ណឹងទេ លោក Yusaku Maezawa ដែលនឹងក្លាយជាអ្នកដំណើរទៅឋានព្រះច័ន្ទដំបូងរបស់ SpaceX ក៏ទើបតែបានចំណាយលុយ ៩លានដុល្លារអាមេរិក ដើម្បីចែកចាយទៅ followers របស់គាត់ សម្រាប់ការធ្វើឱ្យគណនីរបស់គាត់មាន followers ច្រើនជាងគេបំផុតក្នុងចំណោមជនជាតិជប៉ុនផងដែរ៕


អត្ថបទ៖ លីដា