អ្នកជំនាញនិយាយថាជំងឺប្រភេទថ្មីដែលរាតត្បាតនៅប្រទេសចិនគឺដូចនឹងជំងឺ SARS
អ្នកស្រាវជ្រាវអន្តរជាតិបាននិយាយថា មេរោគថ្មីមួយដែលត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិនកាលពីខែមុន គឺស្រដៀងគ្នាច្រើនដូចនឹងវីរុស SARS ដែលធ្លាប់បានផ្ទុះឡើងនៅក្នុងប្រទេសចិន និងផ្នែកផ្សេងទៀតនៃអាស៊ីក្នុងឆ្នាំ២០០៣។ សហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវដទៃទៀតបានពិនិត្យវីរុសនេះ ដោយវិភាគអំពីហ្សែនដែលអាចរកបានដោយអង្គការសុខភាពពិភពលោក។ ពួកគេបានណែនាំនៅលើបណ្តាញសង្គម Twitter ថា វាគឺជាវ៉ារ្យ៉ង់នៃវីរុស betacoronavirus ដែលដូចជាជំងឺ SARS ដែរ។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុបក៏បានផ្តល់ទស្សនៈថា វីរុសថ្មីគឺស្រដៀងនឹងវីរុស SARS ដូចគ្នាដែរ។ ពោលគឺហ្សែនរបស់វាគឺដូចគ្នាបេះបិទទៅនឹងវីរុស SARS ចំនួន ៨៩%។

សាស្រ្តាចារ្យ Atsuo Hamada នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូមានប្រសាសន៍ថា លំដាប់ហ្សែននៃវីរុសថ្មីគឺស្រដៀងនឹងវីរុស SARS ប៉ុន្តែវាហាក់ដូចជាមិនសូវឆ្លង ឬមិនសូវបង្ករោគនោះទេ។ ចំណែកថាវីរុស SARS ត្រូវបានគេជឿថា ឆ្លងរាលដាល និងឆ្លងពីមនុស្សទៅមនុស្សឆាប់រហ័សជាងនេះ។ Atsuo Hamada និយាយថា មិនចាំបាច់ខ្លាចច្រើនពេកចំពោះវីរុសថ្មីនោះទេ ប៉ុន្តែចាំបាច់ត្រូវតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរដែលអាចកើតមាន។ រំលឹកដែរថា នៅក្នុងប្រទេសជប៉ុនក៏មានករណីជំងឺរលាកសួតថ្មីនេះផងដែរ ដោយជនរងគ្រោះមានអាយុ ៣០ឆ្នាំ ជាជនជាតិចិនរស់នៅក្នុងប្រទេសជប៉ុន ហើយត្រូវបានរកឃើញថាឆ្លងវីរុសនេះ បន្ទាប់ពីត្រឡប់មកប្រទេសជប៉ុនវិញ ពីទីក្រុង Wuhan កាលពីពេលថ្មីៗនេះ៕





អត្ថបត៖ លីដា